ក្រសួងមហាផ្ទៃបង្ក្រាបទីតាំងឆបោក៩៥កន្លែង និងឃាត់ខ្លួនមនុស្សជាង៥ពាន់នាក់ក្នុងខែឧសភា

ពេញមួយខែឧសភាកន្លងទៅ ​សមត្ថកិច្ចចម្រុះនៃក្រសួងមហាផ្ទៃបន្តបើកប្រតិបត្តិការទ្រង់ទ្រាយធំបំបែកសំបុកឆបោកអនឡាញបានចំនួន ៩៥កន្លែង នៅទូទាំងប្រទេស និងឃាត់ខ្លួនមនុស្សសរុបចំនួនជាង ៥ ៤០០នាក់ មកពី ២៤សញ្ជាតិផ្សេងគ្នា។
 
ក្នុងចំណោមជនសង្ស័យទាំងនោះ មានជនជាតិចិន ២ ៧០០នាក់, វៀតណាមជិត ៩០០នាក់, ឥណ្ឌូណេស៊ី ៧០០នាក់, ឥណ្ឌាជាង ៣០០នាក់, ខ្មែរជាង ១៤០នាក់, ថៃជាង ១០០នាក់ និងសញ្ជាតិផ្សេងៗទៀត។ នេះបើយោងតាមការថ្លែងឱ្យដឹងពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។
 
ការបង្ក្រាបភាគច្រើនត្រូវបានធ្វើឡើងនៅរាជធានីភ្នំពេញ​ ខេត្តបន្ទាយមានជ័យ ​​ស្វាយរៀង និង​ព្រះសីហនុ។ ​
 
បើតាមលោក ទូច សុខៈ គិតត្រឹមក្នុងខែឧសភាដដែល សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួនប្រមាណ ១៧០នាក់ ទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី។ ​
រាជរដ្ឋាភិបាល បានប្តេជ្ញាបន្តសកម្មភាពបោសសម្អាត និងលុបបំបាត់បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យអស់ពីកម្ពុជា ដោយគ្មានការលើកលែងឡើយ៕

ទួន សុផល

ads banner