ចំនួនជនភៀសខ្លួនដោយបង្ខំ ធ្លាក់ចុះលើកដំបូង ទោះជម្លោះកំពុងអង្រួនពិភពលោក
ហ្សឺណែវ ៖ របាយការណ៍ថ្មីរបស់អង្គការសហប្រជាជាតិបានឲ្យដឹងថា ចំនួនជនភៀសខ្លួនដោយបង្ខំ បានធ្លាក់ចុះនៅត្រឹម១១៧.៨លាននាក់គិតត្រឹមដំណាច់ឆ្នាំ ២០២៥ ទោះបីជម្លោះប្រដាប់អាវុធកំពុងអង្រួនពិភពលោកក៏ដោយ ។
ការថយចុះចំនួន ៥.៤លាននាក់ បើធៀបនឹងឆ្នាំមុននេះ គឺជាការធ្លាក់ចុះលើកដំបូងបំផុត ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ បន្ទាប់ពីតួលេខនេះបានកើនឡើងជាបន្តបន្ទាប់អស់រយៈពេល ១០ ឆ្នាំជាប់ៗគ្នា ។
យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ UNHCR, មូលហេតុចម្បងនៃការធ្លាក់ចុះ គឺបណ្តាលមកពីកត្តាសំខាន់ៗចំនួន ៣ ។
ក្នុងនោះរួមមានការវិលត្រឡប់ទៅស្រុកកំណើតវិញ នៃក្រុមជនភៀសខ្លួន ១៤.៧ លាននាក់ ។ ជនភៀសខ្លួនមួយចំនួនធំ បានទទួលសញ្ជាតិពីប្រទេស ដែលផ្តល់សិទ្ធិជ្រកកោនដល់ពួកគេ ។
ហើយចុងក្រោយ គឺជនភៀសខ្លួនប្រហែល ៤.៤លាននាក់ បានឆ្លងដែនត្រឡប់ចូលប្រទេសកំណើតវិញ ។
បើតាមប្រធាន UNHCR លោក Barham Salih, ជាង ៩០ភាគរយ នៃការវិលត្រឡប់របស់ក្រុមជនភៀសខ្លួននៅឆ្នាំ ២០២៥ ត្រូវបានប្រមូលផ្តុំនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ស៊ូដង់ និងស៊ីរី ។
យោងតាមអង្គការ UNHCR, ចំនួនមនុស្សដែលត្រូវបានបង្ខំឱ្យរត់គេចខ្លួន ដោយសារតែសង្គ្រាម អំពើហិង្សា និងការបៀតបៀន នៅតែខ្ពស់មិនអាចទទួលយកបាន ។
ជាការឆ្លើយតប អង្គការ UNHCR បានជំរុញឱ្យមានសកម្មភាពបន្ទាន់ ដើម្បីកាត់បន្ថយឲ្យខានតែបាន នូវការផ្លាស់ទីលំនៅរយៈពេលវែងក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ ៕

ប្រភព ៖ Straight Times ប្រែសម្រួល ៖ ឈឹម ទីណា