ប្រមុខ UN ប្រកាសស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពអាមេរិក-អ៊ីរ៉ង់

អ.ស.ប ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអាទិត្យ បានស្វាគមន៍ការប្រកាសកិច្ចព្រមព្រៀងសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដោយសាទរថា «វាជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការបញ្ចប់ជម្លោះ»។

លោក Guterres បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា «ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅ ចំពោះសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលបានឈានដល់កិច្ចព្រមព្រៀងសន្តិភាព ផ្តល់នូវបទឈប់បាញ់ជាបន្ទាន់ និងជាអចិន្ត្រៃយ៍, ការបើកច្រកសមុទ្រ Hormuz ឡើងវិញ ក៏ដូចជា ក្របខ័ណ្ឌសម្រាប់ការចរចាបន្ថែមទៀត»។

បើតាម Tass, ការកត់សម្គាល់ របស់លោក Guterres បានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានប្រកាសថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានឈានដល់កិច្ចព្រមព្រៀងសន្តិភាពមួយ បន្ទាប់ពីការចរចារដ៏ខ្លាំងក្លា ដោយភាគីទាំងពីរ បានប្រកាសបញ្ចប់ជាបន្ទាន់ និងជាអចិន្ត្រៃយ៍ ចំពោះប្រតិបត្តិការយោធា នៅគ្រប់មុខទាំងអស់ រួមទាំង នៅក្នុងប្រទេសលីបង់ផងដែរ។

លោក Guterres បាននិយាយថា «នេះតំណាងឱ្យជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធីនៃជម្លោះ» ។

លោក Guterres ក៏បានថ្លែងអំណរគុណដល់ប្រទេសតួកគី, ប៉ាគីស្ថាន, កាតា, អេហ្ស៊ីប , អារ៉ាប៊ី សាអូឌីត និងបណ្តាប្រទេសក្នុងតំបន់ផ្សេងទៀតសម្រាប់ “តួនាទីស្ថាបនា” របស់ពួកគេ ក្នុងការគាំទ្រការចរចា៕

ប្រភព ៖ Tass ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner