លោក ត្រាំ ថា អាចដាក់ទណ្ឌកម្មប្រេងរុស្ស៊ីវិញ បន្ទាប់ពីមានកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់
ប៉ារីស ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហើបឲ្យដឹង កាលពីថ្ងៃអង្គារថា លោកអាចនឹងដាក់ទណ្ឌកម្មប្រេងរុស្ស៊ីឡើងវិញ ឆាប់ៗនេះ។ ជាការលើកឡើង បន្ទាប់ពីអាមេរិកមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ីរ៉ង់ ដែលរំពឹងពីការបើកច្រកសមុទ្រ ហ័រមូស ឡើងវិញ។
ការផ្លាស់ប្តូរនេះ ធ្វើឡើង បន្ទាប់ពី អំឡុងសង្គ្រាមអ៊ីរ៉ង់ ប៉ុន្មានខែមកនេះ អាមេរិក បានបន្ធូរបន្ថយទណ្ឌកម្មប្រេងរុស្ស៊ី ដោយបើកដៃឲ្យបណ្តាប្រទេសនានា ទិញប្រេងប្រទេសនេះ ដែលជាប់គាំងនៅលើសមុទ្រ ម្តងជា២ដង ដើម្បីដោះស្រាយបញ្ហាជាប់គាំងទំនិញយុទ្ធសាស្ត្រនេះ ពោលគឺស្របពេលដែល អ៊ីរ៉ង់ បិទស្ទើរតែទាំងស្រុង លើច្រកសមុទ្រហ័រមូស ដែលធ្លាប់តែដឹក ប្រេង និង ឧស្ម័ន ប្រហែល២០ភាគរយ របស់ពិភពលោក។
លោក ប្រធានាធិបតី Donald Trump បាននិយាយថា សហរដ្ឋអាមេរិកនឹងអាចដាក់ទណ្ឌកម្មឡើងវិញ ប្រឆាំងនឹងប្រេងរបស់រុស្ស៊ី ក្នុងពេលឆាប់ៗនេះ អំឡុងពេលលោកចូលរួមកិច្ចប្រជុំកំពូល G7 ជាទីដែលបណ្តាមេដឹកនាំនានា កំពុងស្វែងរកការបង្កើនសម្ពាធប្រឆាំងនឹងទីក្រុងមូស្គូ ជុំវិញសង្គ្រាមអ៊ុយក្រែន។
លោក Trump បានរៀបរាប់ថា «ឆាប់ៗនេះ យើងនឹងអាចធ្វើវាបាន ខណៈដែលប្រេងកំពុងហូរ តាមរយៈច្រកសមុទ្រ Hormuz បន្ទាប់ពីកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ដើម្បីបញ្ចប់សង្រ្គាមមជ្ឈិមបូព៌ា»។
គួរបញ្ជាក់ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បាននិងកំពុងពង្រីក ការលើកលែងទណ្ឌកម្ម ចំពោះទំនិញដឹកជញ្ជូនប្រេងរបស់រុស្ស៊ី នៅសមុទ្រ ដែលបង្កបញ្ហា ដល់សម្ព័ន្ធមិត្ត នៅអឺរ៉ុប។
អាមេរិក និងអ៊ីរ៉ង់ គ្រោងណាត់ជួបទល់មុខគ្នា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ជាផ្លូវការ នៅថ្ងៃទីសុក្រ សប្តាហ៍នេះ នាប្រទេសស្វីស ខណៈដែលលក្ខខណ្ឌ ក៏បានចែងពីការបើកច្រកសមុទ្រឡើងវិញ ហើយអាមេរិក ឈប់ដាក់កងទ័ពជើងទឹករាំងខ្ទប់ ផ្លូវចូលកំពង់ផែអ៊ីរ៉ង់ ផងដែរ៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
