រដ្ឋមន្រ្តីការងារ ប្ដេជ្ញាកែទម្រង់លើចំណុចយុទ្ធសាស្រ្តសំខាន់ៗសម្រាប់គ្រឹះស្ថាន ធីវេត
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ បានបញ្ជាក់អំពីប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការដឹកនាំកែទម្រង់ និងអនុវត្តទិសដៅយុទ្ធសាស្ត្រសំខាន់ៗ ក្នុងនោះសម្រាប់គ្រឹះស្ថាន ធីវេត(TVET) ត្រូវបន្តធ្វើបរិវត្តកម្មការបណ្ដុះបណ្ដាល ដោយបញ្ជ្រាបបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធស្វ័យប្រវត្តិកម្ម ព្រមទាំងធ្វើឯកទេសកម្មជំនាញតាមសក្ដានុពលមូលដ្ឋាន ។
ក្នុងពិធីបិទ«ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៩ ឆ្នាំ២០២៦» ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ ការងារ និងប្រាក់ចំណូល»កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ បានបញ្ជាក់អំពីសារសំខាន់ នៃការកែទម្រង់លើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ក្នុងនេះគឺសម្រាប់គ្រឹះស្ថានធីវេត ។ ក្រសួងនឹងជំរុញយុទ្ធសាស្ត្រ «ការនាំជំនាញទៅរកអ្នកសិក្សា» និងផ្ដល់ការបណ្ដុះបណ្ដាលព្រមទាំងការវាយតម្លៃសមត្ថភាពទទួលស្គាល់ការសិក្សាពីមុន (RPL) ដោយឥតគិតថ្លៃដល់ពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ។
ឯកឧត្តមហេង សួរ បានបញ្ជាក់ថា ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺ ធីវេត មិនមែនជាការសិក្សាកម្រិតទី២ ឬទាបជាងថ្នាក់បាក់ឌុបនោះឡើយ ប៉ុន្តែជំនាញ TVET គឺជាជំនាញត្រឹមត្រូវ ស្មោះត្រង់ និងមានតម្លៃ ដែលទីផ្សារការងារទាំងក្នុង និងក្រៅប្រទេសត្រូវការបំផុត។ឯកឧត្តមគូសរំលេចថាក្រសួងកំពុងជំរុញវឌ្ឍនភាពថ្មីៗធ្វើយ៉ាងណាឱ្យវិស័យ ធីវេត ក្លាយជាថ្នាលបណ្ដុះបណ្ដាល ឬជាកន្លែងបង្រៀនឱ្យចេះស្ទូចត្រី និងស្គាល់បឹងពិតប្រាកដ។
ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យបន្តដើរតួនាទីជាដៃគូយុទ្ធសាស្ត្រមិនអាចខ្វះបាន តាមរយៈយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ដោយបង្កើនការផ្ដល់ឱកាសចុះកម្មសិក្សា និងហ្វឹកហ្វឺនកូនជាង ដើម្បីផ្សារភ្ជាប់ការបណ្ដុះបណ្ដាលទៅនឹងខ្សែច្រវាក់ផលិតកម្មជាក់ស្ដែង។
លោកស្រី ស៊ាវយាន ឈាន នាយិកាអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំប្រទេសកម្ពុជា ឡាវ និងថៃ បានគូសបញ្ជាក់បន្ថែមថា ជំនាញ ធីវេត មិនមែនគ្រាន់តែជាអត្ថប្រយោជន៍ធម្មតានោះទេ ប៉ុន្តែជា «ទ្រព្យសម្បត្តិយុទ្ធសាស្ត្រជាតិ» ដ៏សំខាន់ក្នុងការកសាងអនាគតកម្ពុជា តាមរយៈការបង្កើតការងារសមរម្យ និងប្រាក់ចំណូលប្រកបដោយចីរភាព។
លោកស្រីបានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មប្រព័ន្ធជំនាញ ព្រមទាំងបានសង្កត់ធ្ងន់លើសារសំខាន់នៃការធ្វើតេស្ត RPL ជាពិសេសសម្រាប់ពលករចំណាកស្រុកដែលវិលត្រឡប់មកវិញ និងបានអំពាវនាវឱ្យមានការរួមគ្នាប្រែក្លាយការសន្ទនាទៅជាសកម្មភាពជាក់ស្តែង តាមរយៈការពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍជំនាញប្រកបដោយគុណភាព បរិយាបន្ន និងឆ្លើយតបទៅនឹងទីផ្សារការងារឌីជីថល ដោយមិនទុកនរណាម្នាក់ចោល។
ការរៀបចំទិវាជាតិឆ្នាំនេះមានអ្នកចូលរួមជិត ១០ ម៉ឺននាក់នៅទូទាំងប្រទេស។ អ្វីដែលជាមោទនភាពជាតិគឺ កូនខ្មែរដែលជាសិស្ស-និស្សិត TVET បានបង្ហាញសមត្ថភាពខ្ពស់ក្នុងការបង្កើតនូវរ៉ូបូតទំនើបៗ និងបានចូលរួមនៅក្នុងខ្សែច្រវាក់ផលិតកម្មកម្រិតខ្ពស់រួចជាស្រេច។នេះបើតាមរបាយការណ៍របស់ឯកឧត្តម ហ៊ីង ស៊ីដេត អគ្គនាយកនៃអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា



















