លោក ម៉ាក្រុង ថា តែងមានទំនុកចិត្តលើលោក ត្រាំ
ប៉ារីស ៖ លោក Emmanuel Macron ប្រធានាធិបតីបារាំង បាននិយាយ នៅក្នុងកិច្ចប្រជុំកំពូល G7 កាលពីថ្ងៃពុធថា លោកតែងតែមានទំនុកចិត្ត លើលោក Donald Trump ជានិច្ច។
លោក Macron ទទូចថា លោកប្រធានាធិបតីអាមេរិក Donald Trump តែងតែបានធ្វើឱ្យមានការវិវឌ្ឍ មិននឹកស្មានដល់ ក្នុងការពេញចិត្តចំពោះអ៊ុយក្រែន អំឡុងពេលកិច្ចប្រជុំកំពូល G7 ដែលរៀបចំធ្វើឡើង នៅទីក្រុង Evian ប្រទេសបារាំង។
ប្រធានាធិបតីបារាំងរូបនេះ បានថ្លែង ក្នុងសន្និសីទសារព័ត៌មាន រៀបរាប់ថា «នៅពេលណា ដែលគាត់ប្តេជ្ញាចិត្តចំពោះយើង គាត់តែងតែធ្វើអ្វី ដែលគាត់បានប្តេជ្ញាថានឹងធ្វើ»។
កិច្ចប្រជុំ រយៈពេល បីថ្ងៃ របស់មេដឹកនាំ នៃប្រទេស G7 រួមមាន អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បានផ្តោតយ៉ាងខ្លាំងលើកិច្ចព្រមព្រៀង របស់លោក Trump ក្នុងការឈានទៅបិទបញ្ចប់សង្រ្គាម ជាមួយអ៊ីរ៉ង់ និង ការខិតខំប្រឹងប្រែង ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។
ជាការកត់សម្គាល់ មេដឹកនាំបារាំង លោក Emmanuel Macron និង ប្រធានាធិបតីអាមេរិក លោក Donald Trump ក៏បានជួបពិភាក្សាគ្នាទ្វេភាគី នៅក្រៅកិច្ចប្រជុំកំពូល G7 ផងដែរ។ ក្នុងពេលនោះ ក៏មានការជជែកគ្នា អំពីកិច្ចព្រមព្រៀងសន្តិភាព រវាងអាមេរិក និង អ៊ីរ៉ង់ ទៀតផង៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
