លោក ត្រាំ ថា សហរដ្ឋអាមេរិក-អ៊ីរ៉ង់ អាចនឹងចុះហត្ថលេខាលើ MOU ជាផ្លូវការនៅថ្ងៃ ព្រហស្បតិ៍ ឬថ្ងៃ សុក្រ នេះ
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃ ពុធ ថា អាមេរិក-អ៊ីរ៉ង់ អាចនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ឱ្យបានឆាប់បំផុត ពោលគឺប្រហែលជាថ្ងៃ ព្រហស្បតិ៍ ឬថ្ងៃ សុក្រ សប្តាហ៍នេះ ។
លោកប្រធានាធិបតី ត្រាំ បាននិយាយនៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូល G7 នៅប្រទេសបារាំងថា រូបលោកអាចនឹងចូលរួមដោយផ្ទាល់ក្នុងពិធីចុះហត្ថលេខានេះខណៈវាគឺជាកិច្ចព្រមព្រៀងធំបំផុតមួយនៅទូទាំងមជ្ឈិមបូព៌ា ។
មេដឹកនាំអាមេរិករូបនេះបន្ថែមថា បន្ទាប់ពីចុះហត្ថលេខារួច កិច្ចព្រមព្រៀងនេះនឹងត្រូវផ្សព្វផ្សាយ… ហើយយើងបានផ្ញើច្បាប់ចម្លងមួយទៅអ៊ីស្រាអែល… ពួកគេជាដៃគូដ៏ល្អមួយ ។
បើតាម Aljazeera, លោក ត្រាំ និងប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូត ប៉េហ្សេស្កៀន កាលពីថ្ងៃ ចន្ទ បានចុះហត្ថលេខាតាមប្រព័ន្ធអេឡិចត្រូនិកលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) រួចហើយ ដើម្បីបញ្ចប់សង្គ្រាម ហើយគ្រោងនឹងចុះហត្ថលេខាជាផ្លូវការ នៅប្រទេសស្វីស ក្នុងថ្ងៃ សុក្រ សប្តាហ៍នេះ ។
យោងតាមមន្ត្រីអាមេរិក, MOU នេះ រួមបញ្ចូលទាំងការដែលអ៊ីរ៉ង់មិនអភិវឌ្ឍ ឬទិញអាវុធនុយក្លេអ៊ែរ ការបញ្ចប់សង្គ្រាមនៅគ្រប់ទិសទី និងការបើកច្រកសមុទ្រហ័រមូស ឡើងវិញ ។
គួរបញ្ជាក់ថា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលជាមួយអ៊ីរ៉ង់ បានរីករាលដាលហួសពីតំបន់មជ្ឈិមបូព៌ា ដោយរំខានដល់ការផ្គត់ផ្គង់ថាមពលរបស់ពិភពលោក និងដុតបញ្ឆេះសម្ពាធអតិផរណាឡើងវិញ ព្រមទាំងរង្គោះរង្គើដល់ទីផ្សារហិរញ្ញវត្ថុសកល ៕
ប្រភព ៖ Aljazeera ប្រែសម្រួល ៖ ឈឹម ទីណា
