អ្នកនាំពាក្យក្រសួងព័ត៌មានក្រើនរំលឹកពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ព្រះវិហារ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការនិងជាមន្រ្តីអ្នកនាំពាក្យក្រសួងព័ត៌មាន បានអំពាវនាវ និងររម្លឹកឱ្យសាធារណជនទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ជាទីបំផុត ចំពោះការរីករាលដាលនៃព័ត៌មានក្លែងក្លាយ និងល្បិចឆបោកតាមគ្រប់រូបភាពតាមរយៈប្រព័ន្ធបច្ចេកវិទ្យា ក្នុងសម័យឌីជីថលនេះ។
ការអំពាវនាវនេះធ្វើឡើងក្នុងបរិបទដែលបច្ចុប្បន្ន ឧក្រិដ្ឋជនបច្ចេកវិទ្យាកំពុងប្រើប្រាស់រូបភាពថ្មីៗ និងកាន់តែទំនើប ដើម្បីល្បួង ឬគំរាមកំហែងអ្នកប្រើប្រាស់បណ្តាញសង្គម ក្នុងគោលបំណងដកហូតប្រាក់កាស ឬលួចយកទិន្នន័យផ្ទាល់ខ្លួនរបស់បុគ្គលណាមួយ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ នៅវិទ្យាល័យរវៀង ខេត្តព្រះវិហារ កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ទេព អស្នារិទ្ធ បានថ្លែងទៅកាន់អ្នកចូលរួមដោយរំលឹកថា ក្នុងសម័យបច្ចេកវិទ្យាទំនើប អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងព័ត៌មានក្លែងក្លាយ បានកើតមានឡើងយ៉ាងញឹកញាប់ក្នុងរូបភាពផ្សេងៗគ្នា។ គោលបំណងនៃការឆបោកទាំងនេះ គឺដើម្បីលួចទិន្នន័យគណនី ឬឯកសារសម្ងាត់ផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ ចំណែកឯការបង្កើតព័ត៌មានក្លែងក្លាយវិញ គឺដើម្បីបំពុលសង្គម ឬមានចេតនានយោបាយមិនល្អណាមួយ។
ឯកឧត្តមបញ្ជាក់ថា ប្រសិនបើអ្នកទទួលបានតំណភ្ជាប់ដែលមិនស្គាល់ប្រភពតាមរយៈ ហ្វេសប៊ុក(Facebook), តេលេក្រាម(Telegram) ឬបណ្ដាញសង្គមផ្សេងៗ សូមកុំចុចបើក និងកុំចែកចាយបន្តជាដាច់ខាត ហើយគួរលុបតំណភ្ជាប់ទាំងនោះចោលភ្លាមៗ ព្រោះការចុចចូលនឹងធ្វើឱ្យជនឆបោកអាចលួចចូលគ្រប់គ្រងគណនី ឬលួចយកព័ត៌មានសម្ងាត់ពីក្នុងទូរសព្ទរបស់យើងបាន។ មួយវិញទៀតសូមកុំផ្ដល់អត្តសញ្ញាណបណ្ណ ឬព័ត៌មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬបើកគណនីធនាគារឱ្យអ្នកដទៃប្រើប្រាស់ជាដាច់ខាត ទោះបីជាពួកគេផ្តល់ប្រាក់កម្រៃបន្តិចបន្តួចក៏ដោយ។ ជនឆបោកនឹងប្រើប្រាស់គណនីរបស់យើងដើម្បីធ្វើសកម្មភាពខុសច្បាប់ផ្សេងៗ។
ដោយឡែកជុំវិញការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ អ្នកនាំពាក្យក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា មុននឹងជឿ ឬចែកចាយព័ត៌មានណាមួយ អ្នកប្រើប្រាស់ត្រូវតែផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់ពីស្ថាប័នផ្លូវការជាមុនសិន ដើម្បីជៀសវាងការចាញ់បោក ឬការចែកចាយព័ត៌មានមិនពិត ដែលបង្កផលប៉ះពាល់ដល់សង្គម។
ទន្ទឹមនឹងនេះ ឯកឧត្តម ទេព អស្នារិទ្ធ ក៏បានអំពាវនាវជាថ្មី និងក្រើនរំលឹកយ៉ាងទទូចដល់ស្រទាប់យុវវ័យ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ «៣កុំ ១ការពារ» ដោយត្រូវអនុវត្ត «៣កុំ» គឺ កុំទាន់ជឿភ្លាមតាមអារម្មណ៍ឬការរំជើបរំជួលនៅពេលឃើញព័ត៌មានប្លែកដោយត្រូវផ្អាកហើយគិតសិន, កុំទាន់ចែករំលែក (Share) ប្រភពមិនច្បាស់លាស់ដើម្បីជៀសវាងការចែកចាយមេរោគនៃព័ត៌មានក្លែងក្លាយនិងកុំប្រហែសពេលប្រើប្រាស់បណ្តាញសង្គម ដោយត្រូវមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានហូរចូល និងមិនត្រូវចុចលើតំណភ្ជាប់ (link) ចម្លែកឬមានភាពទាក់ទាញហួសហេតុឡើយ។
អ្នកនាំពាក្យដដែលបានបង្ហាញនូវវិធី«១ការពារ» គឺការពារសន្តិសុខព័ត៌មានខ្លួនឯង តាមរយៈការពង្រឹងអក្ខរកម្មព័ត៌មាន រួចយកចំណេះដឹងនេះទៅចែករំលែកបន្តដល់មិត្តភក្តិ គ្រួសារ និងមនុស្សជុំវិញខ្លួន ឱ្យបានយល់ដឹងទាន់ល្បិចកលនៃព័ត៌មានក្លែងក្លាយ៕
ដោយ៖ង៉ាន ទិត្យ








