អាមេរិក-អ៊ីរ៉ង់ លុបចោលពិធីចុះកិច្ចព្រមព្រៀង ក្រោយ អ៊ីស្រាអែល និងក្រុមហេសបូឡា នៅតែប្រយុទ្ធគ្នា

ហ្សឺណែវ ៖ កម្មវិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងអ៊ីរ៉ង់នៅថ្ងៃសុក្រនេះត្រូវបានលុបចោល បន្ទាប់ពីអ៊ីស្រាអែលនិង ក្រុមប្រដាប់អាវុធ ហេសបូឡានៅក្នុងប្រទេសលីបង់ នៅតែគឃ្លើនបន្តប្រយុទ្ធគ្នារំលោភលើបទឈប់បាញ់ ឬ អនុស្សរណៈនៃការយោគយល់គ្នា Mou រវាងអាមេរិក និងអ៊ីរ៉ង់ ។

បើតាមក្រសួងការបរទេសស្វីស, «កិច្ចពិភាក្សា ដែលត្រូវបានគ្រោងទុក រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅឯរមណីយដ្ឋានកំពូលភ្នំ Burgenstock នាថ្ងៃទី១៩ ខែមិថុនានេះ នឹងមិនកើតមានឡើងនោះទេ» ។

ការប្រកាសនេះត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពី អនុប្រធានាធិបតីអាមេរិក លោក JD Vance បានសម្រេចលុបចោល ដំណើរទៅជួបអ្នកចរចាអ៊ីរ៉ង់ដោយផ្ទាល់ នៅប្រទេសស្វីស នាថ្ងៃទី១៩ ខែមិថុនានេះដើម្បីចាប់ផ្តើមកិច្ចពិភាក្សា ស្តីពីការអនុវត្តកិច្ចព្រមព្រៀង រវាងទីក្រុងតេហេរ៉ង់ និង ទីក្រុង វ៉ាស៊ីនតោន ឈានឆ្ពោះទៅបញ្ចប់សង្គ្រាម របស់គូជម្លោះ ទាំងពីរ ។

សេតវិមានបញ្ជាក់ថា ហេតុផលនៃការលុបចោលដំណើរនេះ គឺដោយសារតែកិច្ចពិភាក្សាបច្ចេកទេស មិនទាន់ត្រូវបានបញ្ចប់រួចរាល់ នៅឡើយទេ។

យ៉ាងណា កិច្ចព្រមព្រៀងបញ្ចប់ជម្លោះ រួមទាំងនៅលីបង់នេះ ខកខានមិនបានចុះហត្ថលេខា ក្រោយពេលដែល ការប្រយុទ្ធគ្នា នៅតែបន្តមាន នៅក្នុងប្រទេសលីបង់។ ក្រុមហេសបូឡា ដែលគាំទ្រ ដោយអ៊ីរ៉ង់ បាននិយាយ នៅថ្ងៃសុក្រនេះ ថា កម្លាំងយុទ្ធជនរបស់ខ្លួនបានបំផ្លាញ រថក្រោះអ៊ីស្រាអែល ចំនួន បីគ្រឿង នៅភាគខាងត្បូង ខណៈដែលការប៉ះទង្គិចគ្នា កំពុងបន្ត។

ទីភ្នាក់ងារសារព័ត៌មានជាតិផ្លូវការ របស់ប្រទេសអ៊ីស្រាអែល ចេញមកបានរាយការណ៍ដែរថា មនុស្ស បីនាក់ ត្រូវបានសម្លាប់ នៅក្នុងប្រទេសលីបង់ ដោយសារការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់អ៊ីស្រាអែល។

ក្រុម ហេសបូឡា បានទាញ លីបង់ ចូលទៅក្នុងសង្រ្គាមមជ្ឈិមបូព៌ា កាលពីខែមីនា ដោយផ្តើមវាយប្រហារ ទៅលើប្រទេសអ៊ីស្រាអែល ដើម្បីសងសឹកចំពោះការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំឡុងពេលផ្តើមយុទ្ធនាការសង្គ្រាម របស់អាមេរិក និង អ៊ីស្រាអែល ប្រឆាំងលើអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ។

បើទោះបីជា ភាគីទាំងពីរ បរាជ័យ ក្នុងការជួបមុខគ្នាដោយផ្ទាល់ ដើម្បីចុះកិច្ចព្រមព្រៀង ក៏ដោយ, ច្បាប់ដើម នៃ MOU ១៤ ចំណុច រវាងអាមេរិកនិងអ៊ីរ៉ង់ ត្រូវបានចុះហត្ថលេខា ដោយប្រធានាធីបតីអាមេរិក និង ប្រធានាធិបតីអ៊ីរ៉ង់ រួចរាល់អស់ហើយ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner