រយៈពេល៥ខែឆ្នាំនេះ អ្នកដំណើរតាមផ្លូវអាកាសថយចុះ៦ភាគរយ ខណៈការដឹកទំនិញកើនឡើង៣៤ភាគរយ
ភ្នំពេញ៖ សន្ទស្សន៍ដើរបញ្ច្រាស់គ្នាបានកើតឡើងក្នុងរយៈពេល៥ខែនៃដើមឆ្នាំ២០២៦នេះ ខណៈចំនួនអ្នកដំណើរចេញចូលតាមផ្លូវអាកាសមានការថយចុះ ៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅមិញ ប៉ុន្តែចំនួនដឹកជញ្ជូនតាមអាកាសមានការកើនឡើងយ៉ាងខ្លាំង។
ចលនាជើងហោះហើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់កម្ពុជា ក្នុងរយៈពេល ៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភាមានចំនួនជិត ២ម៉ឺនជើង ដោយមានការកើនឡើងបន្តិចបន្តួច។ ដោយឡែកចំនួនអ្នកដំណើរមានប្រមាណ ២លាន ៨សែននាក់ ពោលគឺមានការថយចុះ ៦ភាគររបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានពន្យល់ប្រាប់បណ្ដាញព័ត៌មាន AMS ពីមូលហេតុចម្បងៗដែលនាំឱ្យចំនួនអ្នកដំណើរតាមផ្លូវអាកាសមានការធ្លាក់ចុះ គឺដោយសារជម្លោះរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ខំឱ្យមានការបិទដែនអាកាស និងការប្តូរផ្លូវហោះហើរនៅចំណុចផ្ទេរធំៗដូចជា ឌូបៃ ដូហា និងអាប៊ូដាប៊ី។ លោកបញ្ជាក់ថា បើទោះបីជាកម្ពុជាអាចបង្វែរជើងហោះហើរមកតាម បាងកក សិង្ហបុរី កូឡាឡាំពួរ និងអ៊ីស្តង់ប៊ុល ក៏ដោយ ប៉ុន្តែការប្តូរទិសដៅនេះបានធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ចំណាយកាន់តែច្រើន ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ចំនួនភ្ញៀវទេសចរមកពីបស្ចិមប្រទេស ជាពិសេសតំបន់អឺរ៉ុប និងអាម៉េរិក។
បើតាមអ្នកនាំពាក្យដដែល ការរួមបញ្ចូលគ្នារវាងក្រុមហ៊ុន Korean Air និង Asiana Airlinesដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៦ នេះ បានធ្វើឱ្យមានការកាត់ផ្តាច់ជើងហោះហើររបស់ Star Alliance ពីទីក្រុងសេអ៊ូលមកកាន់កម្ពុជា។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនបានសម្រេចផ្អាកខ្សែផ្លូវហោះហើរដែលមិនសូវចំណេញផងដែរ។ ជាក់ស្តែងដូចជាក្រុមហ៊ុន Firefly បានផ្អាកជើងហោះហើររវាងកូឡាឡាំពួរ និងសៀមរាប ចាប់តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២៦មក ដែលធ្វើឱ្យបាត់បង់ជើងហោះហើរចំនួន ៦ ជើងក្នុងមួយសប្តាហ៍។
បន្ថែមលើនេះ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា បានគូសបញ្ជាក់ថា ទីក្រុងតៃប៉ិគឺជាមជ្ឈមណ្ឌលដឹកជញ្ជូន និងអ្នកដំណើរដ៏ធំមួយ ជាពិសេសសម្រាប់ភ្ញៀវមកពីអាម៉េរិកខាងជើង។ ប៉ុន្តែបច្ចុប្បន្ន មានត្រឹមតែជើងហោះហើរត្រង់មកភ្នំពេញប៉ុណ្ណោះ ដោយមិនទាន់មានជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាបឡើយ ដែលនេះជាការបាត់បង់ឱកាសដ៏ធំមួយសម្រាប់វិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប។
ទោះយ៉ាងណា របាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានឱ្យដឹងថា បរិមាណទំនិញចេញចូលតាមផ្លូវអាកាសសម្រេចបានចំនួនជិត ៤ម៉ឺនតោន ពោលគឺមានការកើនឡើង ៣៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ក្នុងនោះ អាកាសយានដ្ឋានអន្តរជាតិតេជោ បានដើរតួនាទីជាបេះដូងសេដ្ឋកិច្ចយ៉ាងសំខាន់ ដោយគ្រប់គ្រងលើការដឹកជញ្ជូនទំនិញអន្តរជាតិតាមផ្លូវអាកាសរហូតដល់ជិត ៩៨ភាគរយ នៃទំហំទំនិញសរុបទូទាំងប្រទេស។
គិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ បណ្ដាញអាកាសចរណ៍អន្តរជាតិរបស់កម្ពុជា បានពង្រីកការគ្របដណ្ដប់រហូតដល់ ១៨ ប្រទេស និង ៤៦ ទីក្រុង។ បច្ចុប្បន្ន មានក្រុមហ៊ុនអាកាសចរណ៍ចំនួន ៣៦ កំពុងដំណើរការជើងហោះហើរសរុប ១,០២៤ ជើងក្នុងមួយសប្ដាហ៍ តាមរយៈអាកាសយានដ្ឋានអន្តរជាតិទាំង៣ រួមមាន ៖អាកាសយានដ្ឋានអន្តរជាតិតេជោ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ។
សូមរំលឹកផងដែរថា កាលពីឆ្នាំ២០២៥ កន្លងទៅ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចេញ-ចូលសរុបជិត ៧ លាននាក់ ដែលមានកំណើន ១២ភាគរយ បើធៀបទៅនឹងឆ្នាំ២០២៤៕
ដោយ៖ទួន សុផល

