តំបន់ភ្នំចំនួនប្រាំបួននៅខេត្តបន្ទាយមានជ័យ នឹងដាក់បញ្ចូលជាតំបន់ការពារធម្មជាតិ
ភ្នំពេញ៖ តំបន់ភ្នំចំនួន៩ក្នុងខេត្តបន្ទាយមានជ័យ នឹងរៀបចំដាក់បញ្ចូលជាតំបន់ការពារធម្មជាតិនាពេលខាងមុខ ដើម្បីអភិរក្សវប្បធម៌ ប្រវត្តិសាស្រ្ត ធម្មជាតិ ព្រៃឈើ ប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់សក្ដានុពលទេសចរណ៍នៅខេត្តដែលមានព្រំប្រទល់ជាប់ប្រទេសថៃមួយនេះ ។
កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ក្រសួងបរិស្ថានបានរៀបចំពិនិត្យការស្នើសុំគាំទ្រដំណើរការ រៀបចំបង្កើតតំបន់ការពារទេសភាព ឬតំបន់បេតិកភណ្ឌវប្បធម៌និងធម្មជាតិចំពោះតំបន់ភ្នំចំនួន៩ភ្នំ (តំបន់)របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន។
យោងតាមសំណើររបស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានស្នើបង្កើតភ្នំចំនួន ៤ ជាតំបន់បេតិកភណ្ឌធម្មជាតិ រួមមាន៖ ភ្នំកងវ៉ាមានផ្ទៃដីទំហំ ៥០ហិកតា, ភ្នំជ្រាប់ មានផ្ទៃដីទំហំ ៥៨,៥១ហិកតា, ភ្នំតូច មានផ្ទៃដីទំហំ ៥២,៨០ហិកតា និងភ្នំស្រេះ មានផ្ទៃដីទំហំ ២២ហិកតា។
ជាមួយគ្នានេះរដ្ឋបាលខេត្តស្នើតំបន់ភ្នំ ចំនួន ៥ ជាតំបន់ការពារទេសភាព គឺ៖ ភ្នំវែង មានផ្ទៃដីទំហំ ២៧០ហិកតា, ភ្នំម៉ាឡៃ មានផ្ទៃដី ទំហំ ១០៨ហិកតា, ភ្នំទឹកចេញ មានផ្ទៃដីទំហំ ២៦២,៣១៦ហិកតា, ភ្នំខ្លាកូន មានផ្ទៃដីទំហំ ៦៨ហិកតា និងភ្នំពង្រ មានផ្ទៃដីទំហំ ១៧ហិកតា។
ក្រុមការងារបានគាំទ្រដំណើរការរៀបចំបង្កើតតំបន់ការពារធម្មជាតិនេះ។តាមស្មារតីនៃកិច្ចប្រជុំ,ជាបន្តក្រុមការងារដែលមានមន្រ្តីជំនាញនាយកដ្ឋានបេតិកភណ្ឌធម្មជាតិ នៃអគ្គយកដ្ឋានសហគមន៍មូលដ្ឋានមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានចំណុះក្រសួងបរិស្ថានបន្តចុះសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ,អង្គការដៃគូ ដោយមានការចូលរួមពីសហគមន៍មូលដ្ឋាន និងអ្នកពាក់ព័ន្ធ ដើម្បីប្រមូលព័ត៌មាននិងទិន្នន័យ ដែលនៅខ្វះខាតមួយចំនួនបន្ថែមទៀតទាក់ទងទៅនឹងសង្គម សេដ្ឋកិច្ចនៅក្នុងតំបន់, តម្លៃវប្បធម៌និងទេសចរណ៍,វិទ្យាសាស្រ្តជីវៈចម្រុះ រុក្ខជាតិ និងសត្វ។
សូមបញ្ជាក់ថា តំបន់ការពារធម្មជាតិនៅកម្ពុជាមានចំនួន៧៣ តំបន់ គ្រប់ដណ្តប់លើផ្ទៃដីជាង ៧លាន ហិកតា ស្មើនឹងប្រមាណ៤១% នៃផ្ទៃដីប្រទេស ដែលបច្ចុប្បន្នតំបន់ការពារធម្មជាតិ ត្រូវបានបែងចែកជាប្រភេទ រួមមាន៖ឧទ្យានជាតិមានចំនួន ០៩តំបន់ ,ឧទ្យានជាតិសមុទ្រមានចំនួន ០២ តំបន់ ,ដែនជម្រកសត្វព្រៃមានចំនួន១៨ តំបន់ ,តំបន់ការពារទេសភាពមានចំនួន១៤ តំបន់ តំបន់ប្រើប្រាស់ច្រើនយ៉ាង មានចំនួន ១១តំបន់ ,តំបន់រាមសារមានចំនួន០៥តំបន់ និងតំបន់បេតិកភណ្ឌធម្មជាតិមានចំនួន១៤ តំបន់៕
ដោយ៖ង៉ាន់ ទិត្យ











