សម្តេច យ៉ន សេងយៀត ជំរុញឱ្យមេដឹកនាំសាសនាពិភពលោកបង្កើនតួនាទីសកម្មក្នុងការជួយសង្គមមនុស្សជាតិ
ភ្នំពេញ៖សម្តេចព្រះមហាអរិយវង្ស អគ្គលេខាធិការនៃក្រុមប្រឹក្សាអន្តរសាសនាកម្ពុជាបាននិមន្តតំណាងឱ្យកម្ពុជាថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាតអន្តរសាសនាដើម្បីសន្តិភាពអន្តរជាតិដ៏ធំមួយ ដែលកំពុងប្រារព្ធនៅសាធារណរដ្ឋម៉ូរីស (Mauritius) នៃទ្វីបអាហ្វ្រិក។
ក្នុងមហាសន្និបាតអន្តរសាសនាដើម្បីសន្តិភាពអន្តរជាតិ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត អគ្គលេខាធិការនៃ ក្រុមប្រឹក្សាអន្តរសាសនាកម្ពុជា និងជាព្រះចៅអធិការវត្តឧណ្ណាលោម និងជាតំណាងឱ្យកម្ពុជា បានអំពាវនាវដល់មេដឹកនាំ សាសនាទាំងអស់ ត្រូវតែចូលរួមជួយសង្គមមនុស្សដែលកំពុងប្រឈមមុខនឹងការបែងចែកគ្នាដោយហេតុផលនានា។ សម្ដេចបាន ចង្អុលទៅរកគោលបំណងសំខាន់នៃវត្តមានរបស់សាសនាទាំងអស់ ដែលកំពុងស្ថិតនៅលើភពផែនដីនាពេលនេះថា គឺដើម្បីជួយ សង្គមនៅពេលដែលសង្គមជួបនូវសេចក្ដីទុក្ខ គឺមិនមែនដើម្បីពួនសំងំនៅក្នុងអាស្រមសាសនារបស់ខ្លួនដោយមិនធ្វើអ្វីឡើយ។
មហាសន្និបាតដែលប្រារព្ធឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដោយ អង្គការសាសនាដើម្បីសន្តិភាពអន្តរជាតិ (Religions for Peace International) ដែលមានទីស្នាក់ការនៅបុរីញូយ៉ក សហរដ្ឋអាម៉េរិក និងជាស្ថាប័នអន្តរសាសនាធំបំផុតក្នុងលោកដែលមានសមាជិករហូតដល់ ៩០ប្រទេស ដោយសហការជាមួយក្រុមប្រឹក្សាសាសនានៃប្រទេសម៉ូរីស។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ធ្វើឡើងក្រោមប្រធានបទ «ការស្វែងរកផ្លូវឆ្ពោះទៅរកការរីកចម្រើនរួមគ្នានៃសាសនាដ៏ពិសិដ្ឋ» ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាសនាជាន់ខ្ពស់ អ្នកប្រកាសសាសនា និងប្រតិភូជាង ២០០អង្គនិងនាក់ មកពី ៤៥ប្រទេសជុំវិញពិភពលោក ក្រោមអធិបតីភាពរបស់លោក ដារ៉ាម ហ្គូហូល(Dharam Gokhool )ប្រធានាធិបតីនៃសាធារណរដ្ឋម៉ូរីស។
ថ្លែងក្នុងពិធីបើកមហាសន្និបាត លោកប្រធានាធិបតីម៉ូរីសបានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរួមគ្នាដើម្បីសន្តិភាព និងការលើកកម្ពស់សេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ។
មេដឹកនាំសាសនាពិភពលោក រួមទាំងតំណាងមកពីកម្ពុជាផងដែរ បានរួមគ្នាពិភាក្សាដើម្បីជំរុញការយល់ដឹង ពង្រឹងសាមគ្គីភាព និងស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមបន្ទាន់ៗបំផុតដែលមនុស្សជាតិកំពុងជួបប្រទះនាពេលបច្ចុប្បន្ន រួមមាន វិបត្តិជម្លោះប្រដាប់អាវុធ និងសង្គ្រាម ការបំផ្លិចបំផ្លាញនៃបម្រែបម្រួលអាកាសធាតុ វិបត្តិបំណុលមិនស្ថិតស្ថេររបស់បណ្តាប្រទេសក្រីក្រ ផលប៉ះពាល់ និងបញ្ហាសីលធម៌នៃការរីកចម្រើននៃបញ្ញាសិប្បនិម្មិតជាដើម។
ការចូលរួម និងការឡើងថ្លែងបទអន្តរាគមន៍របស់ សម្តេចព្រះមហាអរិយវង្ស បណ្ឌិត យ៉ន សេង យៀត នាពេលនេះ ត្រូវបានគេមើលឃើញថា បានស្តែងឱ្យឃើញយ៉ាងច្បាស់ពីតួនាទីយ៉ាងសកម្ម និងការរួមចំណែកយ៉ាងសំខាន់របស់កម្ពុជា ក្នុងការកសាងសន្តិភាព និងសាមគ្គីភាពអន្តរសាសនានៅលើឆាកអន្តរជាតិ៕
ដោយ៖ទួន សុផល






