កម្ពុជាបន្តតវ៉ាភាគីថៃ រំលោភបំពានបូរណភាពទឹកដីខ្មែរ នៅព្រំដែនបន្ទាយមានជ័យ
(ភ្នំពេញ)៖រាជរដ្ឋាភិបាលកម្ពុជាបានបន្តធ្វើការតវ៉ាជំទាស់ជាផ្លូវការចំពោះសកម្មភាពរំលោភបំពានជាបន្តបន្ទាប់របស់ភាគីថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ខណៈសកម្មភាពបំពារបំពាននេះបានបង្កឡើងម្តងហើយម្តងទៀតដោយភាគីថៃ។
ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកាលពីយប់ថ្ងៃពុធទី២៤ ខែមិថុនា បានចេញប្រកាសតវ៉ាជំទាស់ជាផ្លូវការ ចំពោះសកម្មភាពរំលោភបំពានជាបន្តបន្ទាប់របស់ភាគីថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។
ប្រតិកម្មខ្លាំងៗពីភាគីកម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីកងកម្លាំងប្រដាប់អាវុធថៃបានចូលកាន់កាប់តំបន់ព្រំដែនដោយខុសច្បាប់ ហើយនៅចន្លោះថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រុមការងារវាស់វែងដីធ្លីថៃ រួមជាមួយប្រជាពលរដ្ឋថៃប្រមាណ ២៥ នាក់ និងយានយន្តចំនួន៩គ្រឿង បានរំលោភចូលមកធ្វើសកម្មភាពវាស់វែងដីធ្លី និងបោះបង្គោលព្រំដីជាឯកតោភាគីនៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលស្ថិតនៅតាមកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤៦ និង ៤៧។
សកម្មភាពបំពាននេះ រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាការរំលោភបំពានយ៉ាងច្បាស់លើមាត្រា ៥ នៃអនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ (MoU-2000) ស្តីពីការវាស់វែង និងខណ្ឌសីមាព្រំដែនគោក និងបែបបទបច្ចេកទេសឆ្នាំ២០០៣ ព្រមទាំងកំណត់ហេតុនៃកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសថៃ។
ក្រសួងការបរទេសកម្ពុជាបានចាត់ទុក សកម្មភាពនេះ បានដើរផ្ទុយទាំងស្រុងពីស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីចុងឆ្នាំ២០២៥ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាប្រគល់ភារកិច្ចជូនយន្តការ JBC ដើម្បីបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនដោយសន្តិវិធី។
ចំពោះមុខសកម្មភាពរំកិលព្រំដែននេះ កម្ពុជាបានប្រកាសជំហរថា មិនទទួលស្គាល់ជាដាច់ខាតនូវខ្សែព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីណាមួយរបស់ថៃឡើយ ហើយសកម្មភាពខុសច្បាប់ចុងក្រោយនេះ នឹងមិនអាចមកប៉ះពាល់ដល់សិទ្ធិស្របច្បាប់នៃខ្សែបន្ទាត់ព្រំដែនអន្តរជាតិរបស់កម្ពុជាបានទេ។
រាជរដ្ឋាភិបាលកម្ពុជា ទាមទារឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពខុសច្បាប់ និងទង្វើឯកតោភាគីទាំងនេះ ដោយត្រូវងាកមកអនុវត្តវិធានការបន្ធូរបន្ថយភាពតានតឹង លើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព និងភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ។
កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តឥតងាករេរបស់ខ្លួន ក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយប្រទេសថៃ ក៏ដូចជាប្រទេសជិតខាងទាំងអស់តាមមធ្យោបាយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ថា បន្ទាត់ព្រំដែនដាច់ខាតមិនត្រូវផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងយោធានោះឡើយ៕
ដោយ៖ទួន សុផល

