ប្រធានរដ្ឋសភាលើកទឹកចិត្តការបម្រើប្រជាពលរដ្ឋដោយបេះដូង
ភ្នំពេញ៖សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកទឹកចិត្តប្រតិភូចលនាស្ត្រីខេត្តតាកែវឱ្យបន្តបម្រើប្រជាពលរដ្ឋដោយបេះដូង ផ្សារភ្ជាប់សុខទុក្ខ និងដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ ។
មានប្រសាសន៍ទៅកាន់ក្រុមការងារស្ត្រីខេត្តតាកែវដែលអញ្ជើញមកទស្សនកិច្ចស្វែងយល់រដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះការងាររបស់ក្រុមចលនាស្ត្រីខេត្តតាកែវ ដែលសម្រេចលទ្ធផលជាទីគាប់ចិត្តនៅក្នុងការបំពេញការងារទាំងការងាររដ្ឋបាលតាមស្ថាប័ន មន្ទីរ ក៏ដូចជាការចុះជួយប្រជាពលរដ្ឋ ,ផ្សារភ្ជាប់សុខទុក្ខជាមួយពលរដ្ឋជាប់ជាប្រចាំ ។
សម្តេចប្រធានរដ្ឋសភាបានរំលឹកថា ស្ត្រីនៅកម្ពុជាត្រូវបានលើកកម្ពស់តាំងពីក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩មកម៉្លេះ។ សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាយេនឌ័រនៅកម្ពុជាបានចាត់ទុកស្ត្រីជាតួអង្គសំខាន់មិនអាចរំលងបានឡើយ។ស្ត្រីជាឆ្អឹងខ្នងសេដ្ឋកិច្ច ហើយថា ជួយស្ត្រីដូចជាជួយខ្លួនឯង។ការលើកកម្ពស់សមភាពយេនឌ័រ ត្រូវបានផ្តល់អាទិភាពនៅក្នុងនីតិកាលទី៧បច្ចុប្បន្ន។
ដោយសារតួនាទីស្ត្រីសំខាន់នៅក្នុងសង្គម សម្តេចប្រធានរដ្ឋសភា សំណូមពរដល់ប្រតិភូស្ត្រី ខេត្តតាកែវ ត្រូវបន្តពង្រឹងសកម្មភាពមនុស្សធម៌ក្នុងការជួយសង្គម ផ្សារភ្ជាប់សុខទុក្ខ ជាប់ជានិច្ចជាមួយពលរដ្ឋ ចូលរួមដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋ ពិសេស បន្តយកចិត្តទុកដាក់ចំពោះគ្រួសារវីរយុទ្ធជនពលី និងគ្រួសារវីរយុទ្ធជន ដែលកំពុងបំពេញបេសកកម្មដ៏ថ្លៃថ្លាក្នុងសមរភូមិជួរមុខ ក្នុងកិច្ចការពារបូរណភាពទឹកដី និងពលរដ្ឋភៀសសឹកជាដើម ។
ចំណុចសំខាន់មួយទៀតដែលសម្ដេចប្រធានរដ្ឋសភាផ្តោតការយកចិត្តទុកដាក់រំលឹកគឺការរក្សាឱ្យបានដាច់ខាតនូវសាមគ្គីភាពផ្ទៃក្នុង។ កម្លាំងសាមគ្គីភាពរបស់យើង គឺជាខឿនការពារជាតិដ៏រឹងមាំបំផុត មានសាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់ ។ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងយកចិត្តទុកដាក់ទប់ទល់ជាមួយសត្រូវឈ្លានពានតាមរយៈសមរភូមិការទូត និងយោធាគ្រប់រូបភាព តាមផ្លូវច្បាប់ នយោបាយ និងសាធារណមតិនានាជុំវិញពិភពលោក ដើម្បីការពារយុត្តិធម៌ជូនប្រជាជាតិយើង។
សូមជម្រាបថា ក្រុមការងារស្ត្រីខេត្តតាកែវកាលពីថ្ងៃពុធទី២៤ មិថុនា បានមកទស្សនកិច្ចស្វែងយល់ពីរដ្ឋសភា។ទស្សនកិច្ចនេះដឹកនាំដោយលោកជំទាវ និន សាផុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ និងជាប្រធានគណៈកម្មការជំនាញរដ្ឋសភា៕






អត្ថបទ៖ វណ្ណលុក
រូបភាព៖ ហេង សម្បត្តិ