ចំណូលសួយសារពីផលិតផលថ្មអារបានចូលរួមក្នុងសេដ្ឋកិច្ចជាតិជិត ៤០លានដុល្លារ
ក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា គិតចាប់ពីឆ្នាំ២០២២ ដល់ដើមឆ្នាំ២០២៦នេះ ចំណូលសួយសារពីផលិតផលថ្មអារ បានចូលរួមក្នុងសេដ្ឋកិច្ចជាតិប្រមាណជិត ៤០លានដុល្លារអាមេរិក ដោយមិនទាន់រាប់បញ្ចូលពន្ធនិងអាករផេ្សងៗនោះទេ។
នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគមថ្មអារកម្ពុជា អាណត្តិទី១ លើកទី១ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានជំរុញឲ្យក្រុមប្រឹក្សាភិបាលសមាគមថ្មអារកម្ពុជា ធ្វើការកែច្នៃថ្មអារឲ្យបានច្រើនបន្ថែមទៀត ដើម្បីផ្គត់ផ្គង់ទីផ្សារនៅក្នុងស្រុក និងនាំចេញ។
ថ្មអារសំដៅដល់ប្រភេទថ្មសំណល់ធម្មជាតិ ដែលកាត់ចេញពីភ្នំ និងភាគច្រើនគាស់យកចេញពីក្នុងដី មានសណ្ឋានជាថ្មប្លុក អាចកែច្នៃអារជ្រៀក ជាថ្មបន្ទះ ឬថ្មសន្លឹក ថ្មដុំធំ តូច(ថ្មក្រឡាការ៉ូ) ឬថ្មកែច្នៃជារូបចម្លាក់ គ្រឿងសង្ហារឹមជាដើម។
ក្រសួងរ៉ែ និងថាមពល បានដាក់ចេញនូវផែនការការងារអាទិភាពបន្ត ដោយបង្កើតតម្លៃបន្ថែម តាមរយៈពិពិធកម្មនៃផលិតផលថ្មអារ ការស្វែងរកទីផ្សារក្រៅប្រទេសបន្ថែម និងការគ្រប់គ្រងការអភិវឌ្ឍដែលគិតគូរពីបរិស្ថាន សុវត្ថិភាព ផលប្រយោន៍ និងការបណ្តុះបណ្តាលជំនាញដល់បុគ្គលិក-កម្មករជាជនជាតិខ្មែរ។
បច្ចុប្បន្ន អាជីវកម្មថ្មអារទូទាំងប្រទេសមានចំនួន ៦៨ក្រុមហ៊ុន ស្មើនឹង៩០គម្រោង ស្ថិតក្នុង១១ខេត្ត និងមានផ្ទៃដីសរុប ទំហំជាង ៥លានហិកតា ក្នុងនោះខេត្តក្រចេះមានច្រៀងគម្រោងជាងគេ គឺចំនួនប្រមាណ ៣០គម្រោង ដែលកំពុងធ្វើអាជីវកម្មថ្មអារ៕
សេង បារាំង AMS






