អ៊ុយក្រែន គំរាមបើកការវាយប្រហារទីតាំងថាមពលដែលជាដង្ហើមសង្គ្រាមរបស់រុស្សី
កៀវ ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានបោះសម្តីគំរាមធ្ងន់ៗថា កងកម្លាំងអ៊ុយក្រែនកំពុងរៀបចំយុទ្ធសាស្រ្តបើកការវាយប្រហារបង្ការទុកមុន ដើម្បីកម្ទេចរោងចក្រថាមពលដែលជួយទ្រទ្រង់ដល់ដង្ហើមសង្គ្រាមរបស់មេដឹកនាំរុស្ស៊ី លោក Vladimir Putin ។
បើតាមកាសែត Independent, លោក Zelensky បានបញ្ជាក់ច្បាស់ៗនៅក្នុងសន្ទរកថាកាលពីល្ងាចថ្ងៃ ពុធ ថា រូបលោកបានចេញបញ្ជាផ្ទាល់មាត់ទៅកាន់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ និងយោធាអ៊ុយក្រែន ឱ្យបើកការវាយប្រហារបង្ការទុកមុន ប្រឆាំងនឹងរោងចក្រដែលរុស្ស៉ីប្រើប្រាស់ដើម្បីពង្រីកសង្រ្គាមរបស់ខ្លួន ។
បទបញ្ជានេះត្រូវបានធ្វើឡើង បន្ទាប់ពីលោក Zelensky បានប្រកាសក្តែងៗកាលពីថ្ងៃ អាទិត្យ សប្តាហ៍មុនថា ចាប់ពីពេលនេះ យន្តហោះគ្មានមនុស្សបើក ឬដ្រូនរបស់អ៊ុយក្រែន អាចវាយប្រហារចំគោលដៅនៅតំបន់ជួរក្រោយរបស់សត្រូវ ក្នុងចម្ងាយរហូតដល់ ៣,០០០ គីឡូម៉ែត្រ ។
យុទ្ធសាស្រ្តវាយលុកចំណុចខ្សោយផ្នែកថាមពលនេះ ធ្វើឡើងក្នុងគោលបំណងធំតែមួយគត់ គឺចង់គាបសង្កត់ និងបង្ខំឱ្យរុស្ស៊ីគ្មានជម្រើស ក្រៅពីព្រមព្រៀងចូលតុចរចា ដើម្បីបញ្ចប់សង្រ្គាមអូសបន្លាយជាង ៤ ឆ្នាំមកនេះ ។
តួយ៉ាង ក្រោយរងការវាយប្រហារដោយដ្រូនជាបន្តបន្ទាប់របស់អ៊ុយក្រែន លោកប្រធានាធិបតី Putin បាននិយាយនៅសប្តាហ៍នេះថា រូបលោកត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចាសន្តិភាព លុះត្រាតែផ្អែកតាមកិច្ចព្រមព្រៀងទីក្រុង Anchorage របស់សហរដ្ឋអាមេរិក និងទីក្រុង Istanbul របស់ប្រទេសតួកគី ព្រមទាំងការពិតជាក់ស្តែងលើបញ្ហាទឹកដី ។
ដោយឡែក លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ក៏បាននិយាយថា លោក Zelensky កំពុងធ្វើបានល្អនៅក្នុងសង្គ្រាម ហើយថែមទាំងបានហៅគាត់ថា ជាបុរសក្លាហាន ។
គួរបញ្ជាក់ថា ភ្លើងសង្គ្រាមរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ បានចាប់ផ្តើមឆាបឆេះឡើង តាមរយៈការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ គិតមកដល់ឆ្នាំ ២០២៦នេះ គឺមានរយៈពេលជាង ៤ ឆ្នាំហើយ ។
ជម្លោះប្រដាប់អាវុធនេះ ត្រូវបានគេចាត់ទុកថា ជាជម្លោះយោធាដ៏ធំបំផុតនៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរមក ៕
ប្រភព ៖ Independent ប្រែសម្រួល ៖ ឈឹម ទីណា
