កម្ពុជាអំពាវនាវឱ្យមានការអនុវត្តច្បាប់អន្តរជាតិពេញលេញដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុធ
ភ្នំពេញ៖នៅអង្គការសហប្រជាជាតិ (អ.ស.ប.)តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប.បានអំពាវនាវឱ្យមានការអនុវត្តច្បាប់អន្តរជាតិពេញលេញ ដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុធ និងបង្ហាញពីផលប៉ះពាល់នៃសង្គ្រាមឈ្លានពាន។
ក្នុងកិច្ចពិភាក្សាបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ស្តីពីកុមារនិងជម្លោះប្រដាប់អាវុធក្នុងសប្ដាហ៍នេះ ឯកឧត្ដម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប. បានបញ្ជាក់ពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់កម្ពុជា ចំពោះការកើនឡើងគួរឱ្យតក់ស្លុតនៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើកុមារក្នុងជម្លោះប្រដាប់អាវុធ ព្រមទាំងបានអំពាវនាវឱ្យមានការអនុវត្តឱ្យបានពេញលេញនៃកាតព្វកិច្ចផ្លូវច្បាប់អន្តរជាតិដើម្បីការពារកុមារ។
តំណាងអចិន្ត្រៃយ៍កម្ពុជាបានប្រាប់កិច្ចពិភាក្សាថា គិតត្រឹមពេលនេះកុមារកម្ពុជាជាង ៦,៤០០ នាក់នៅតែបន្តរងគ្រោះដោយការភៀសសឹក។
ជុំវិញការលើកឡើងនេះ អ្នកតាមដានសង្គមយល់ឃើញថា ការអំពាវនាវ និងការលើកឡើងពីបញ្ហាកុមារភៀសសឹកកម្ពុជា បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីវិបត្តិមនុស្សធម៌ដែលបន្សល់ទុកពីសង្គ្រាម។
សូមរម្លឹកថា នៅក្នុងសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាកាលពីឆ្នាំ២០២៥ កន្លងទៅ បានបណ្តាលឱ្យមានប្រជាពលរដ្ឋកម្ពុជាភៀសសឹកសរុបរហូតដល់ប្រមាណ ៦៤ម៉ឺននាក់។គិតត្រឹមថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ ទោះបីជាស្ថានភាពបានកន្លងផុតទៅមួយរយៈពេលក៏ដោយ ក៏នៅមានប្រជាពលរដ្ឋខ្មែរប្រមាណជាង ២១.០០០នាក់ផ្សេងទៀត ដែលភាគច្រើនជាស្ត្រី និងកុមារ នៅមិនទាន់អាចវិលត្រលប់ទៅកាន់លំនៅឋានវិញបាននៅឡើយ។ មូលហេតុគឺដោយសារភូមិឋាន និងផ្ទះសម្បែងរបស់ពួកគាត់ ត្រូវបានយោធាថៃកាន់កាប់ដោយខុសច្បាប់ និងរងការបំផ្លិចបំផ្លាញខ្ទេចខ្ទី។
ក្នុងស្ថានភាពនេះឯកឧត្តម កែវ ឈា បានបញ្ជាក់ថា កម្ពុជានៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការងារជិតស្និទ្ធជាមួយដៃគូអន្តរជាតិទាំងអស់ ដើម្បីធានាថា កុមារគ្រប់រូបអាចរស់នៅ ទទួលបានការសិក្សារៀនសូត្រ និងរីកចម្រើនទៅមុខ ដោយគ្មានអំពើហិង្សា និងការភ័យខ្លាចពីសង្គ្រាមឡើយ៕
ដោយ៖ទួន សុផល


