សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យក្រុមហ៊ុនចិន CCCC បន្តយកចិត្តទុកដាក់លើគម្រោង ដែលកំពុងតែអនុវត្តនៅកម្ពុជា
ប៉េកាំង៖ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យក្រុមហ៊ុនចិន CCCC បន្តយកចិត្តទុកដាក់ ទៅលើគម្រោងនានា ដែលក្រុមហ៊ុន កំពុងតែអនុវត្តក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅប្រទេសកម្ពុជា ។
ឯកឧត្តម ជា ធីរិទ្ធ បានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យលោក សុង ហៃឡាង ( Song Hailiang ) ប្រធានក្រុមហ៊ុន China Communications Construction Company Ltd. (CCCC) ចូលជួបសម្ដែងការគួរសម នៅរដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ថា លោក សុង ហៃឡាង បានចាត់ទុកសម្ដេចតេជោ ជាមេដឹកនាំដ៏ឆ្នើម ដែលតែងតែជួយគាំទ្រដល់ក្រុមហ៊ុនរបស់លោកនាពេលកន្លងមក ក្នុងដំណើរការជីវកម្ម តាមរយៈការធ្វើហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា ។
លោក សុង ហៃឡាង បានជម្រាបជូនសម្ដេចតេជោអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន CCCC នៅទូទាំងសាកលលោក ពិសេស វឌ្ឍនភាពនៃសាខាក្រុមហ៊ុនរបស់លោក នៅក្នុងប្រទេសកម្ពុជា ។ លោកបានជម្រាបជូនសម្ដេចតេជោថា បច្ចុប្បន្ន ក្រុមហ៊ុនរបស់លោក មានសាខានៅក្នុងប្រទេសកម្ពុជារហូតដល់ ២៣សាខា ដែលកម្មករច្រើនជាង ៧០% គឺជាជនជាតិកម្ពុជា ។
លោកបានលើកឡើងថា ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ ក្រុមហ៊ុនរបស់លោក បានអនុវត្តគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រមាណ ៧០គម្រោង នៅក្នុងប្រទេសកម្ពុជា ដែលជាផ្នែកមួយជួយដល់ការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធរបស់កម្ពុជា ឱ្យកាន់តែរីកចម្រើន ។
លោកក៏បានលើកឡើងនូវការប្ដេជ្ញាចិត្តក្នុងការគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាពិសេស គឺការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងការជួយដល់កម្ពុជាក្នុងការផ្លាស់ប្ដូរទម្រង់នៃការអភិវឌ្ឍបៃតង ដែលជាចំណុចមួយដែលលោកបានជម្រាបជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នៅពេលដែលលោក បានធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា នាពេលថ្មីៗនេះ ។
នៅក្នុងឱកាសនោះ សម្ដេចតេជោ បានកោតសរសើរចំពោះការរីកចម្រើនរបស់ក្រុមហ៊ុន នៅក្នុងពិភពលោក ជាពិសេស នៅក្នុងប្រទេសកម្ពុជា ។ សម្ដេចបានវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុន ដែលបានជួយជ្រោមជ្រែងដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងប្រទេសកម្ពុជា នាពេលកន្លងមក ។
សម្ដេចតេជោ ក៏បានលើកឡើងដោយជំរុញឲ្យក្រុមហ៊ុន បន្តយកចិត្តទុកដាក់ ទៅលើគម្រោងនានា ដែលក្រុមហ៊ុនកំពុងតែអនុវត្តនៅក្នុងប្រទេសកម្ពុជា ដូចជា ការកសាងព្រែកជីកហ្វូណនតេជោ, គម្រោងផ្លូវល្បឿនលឿនភ្នំពេញបាវិត, គម្រោងផ្លូវជាតិលេខ 50c តភ្ជាប់ពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ ដោយសម្ដេចជំរុញឲ្យមានការយកចិត្តទុកដាក់ និងការគាំទ្របន្ថែមទៀត ទៅលើការអនុវត្តគម្រោងទាំងអស់នេះ ដើម្បីឲ្យចេញជាលទ្ធផល សម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ។
នៅចំពោះមុខសម្ដេចតេជោ លោក សុង ហៃឡាង បានសម្ដែងនូវការប្ដេជ្ញាចិត្ត ក្នុងការអនុវត្តគម្រោងដែលក្រុមហ៊ុនរបស់លោក បានចុះហត្ថលេខាជាមួយកម្ពុជា និងបន្តគាំទ្រ នូវការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជាបន្តទៀត ជាពិសេស គឺការប្ដេជ្ញាចិត្តនូវការអនុវត្តគម្រោងព្រៃជីកហ្វូណន់តេជោ ឱ្យបានជោគជ័យ ៕





