វិភាគ ៖ ថៃប្រឹងលាបពណ៌កម្ពុជាជុំវិញការពង្រឹងវិស័យការពារជាតិ
នៅក្នុងបរិបទសាកលដែលកំពុងប្រែប្រួលយ៉ាងឆាប់រហ័ស និងស្ថិតក្នុងភាពមិនប្រាកដប្រជាខ្ពស់ ការពង្រឹងសមត្ថភាពការពារជាតិរបស់ប្រទេសនីមួយៗ គឺជាសិទ្ធិអធិបតេយ្យស្របច្បាប់ និងជាតម្រូវការចាំបាច់សម្រាប់ការការពារបូរណភាពទឹកដី និងផលប្រយោជន៍ជាតិ។
ទោះជាយ៉ាងណា នៅពេលកម្ពុជាធ្វើទំនើបកម្មវិស័យការពារជាតិ ឬពង្រឹងសមត្ថភាពយោធារបស់ខ្លួន ភាគីថៃ និងអ្នកវិភាគយុទ្ធសាស្ត្រមួយចំនួន ដែលទទួលបានការបន្ទរពីប្រព័ន្ធផ្សព្វផ្សាយធំៗ តែងចាប់ផ្តើមយុទ្ធនាការវាយប្រហារ និងបកស្រាយអាក្រក់ចំពោះកម្ពុជា។
ជាក់ស្តែង ការមកដល់នៃរថក្រោះផលិតនៅប្រទេសចិននាពេលថ្មីៗនេះ បានក្លាយជាប្រធានបទក្តៅមួយនៅក្នុងសង្គមថៃ។ មន្ត្រីយោធា អ្នកវិភាគ និងប្រជាពលរដ្ឋថៃមួយចំនួន បានលើកយកបញ្ហានេះមកពិភាក្សា ដោយអះអាងថា កម្ពុជាកំពុងរៀបចំផែនការប្រើកម្លាំងដើម្បីទាមទារទឹកដីតាមព្រំដែនត្រឡប់មកវិញ។
តាមការពិត សព្វាវុធទាំងនោះត្រូវបានកម្ពុជាបញ្ជាទិញតាំងពីមុនការផ្ទុះជម្លោះតាមព្រំដែនកាលពីឆ្នាំ២០២៥ទៅទៀត ក្នុងគោលបំណងធ្វើទំនើបកម្មកងទ័ព និងពង្រឹងសមត្ថភាពការពារជាតិរយៈពេលវែងជាធម្មតា។ ដូច្នេះ ការភ្ជាប់ការទិញសម្ភារៈសឹកទៅនឹងសេណារីយ៉ូសង្គ្រាម គឺជាការបកស្រាយបំផ្លើសការពិតទាំងស្រុង។
ជាការកត់សម្គាល់ ភាគីថៃបានព្យាយាមផ្សព្វផ្សាយមូលបង្កាច់គ្រប់បែបយ៉ាង ដើម្បីបង្កើតការយល់ឃើញថា កម្ពុជាចង់ប្រើប្រាស់កម្លាំងក្នុងការដោះស្រាយបញ្ហា ឬជាអ្នកបង្កការគំរាមកំហែងដល់ថៃ។ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ជាច្រើនលើកច្រើនសាថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយសន្តិភាពនិយម និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។
ថៃខ្លួនឯងទៅវិញទេដែលនៅតែធ្វើសកម្មភាពគំរាមកំហែងសព្វបែបយ៉ាងមកលើកម្ពុជា រួមទាំងថ្មីៗនេះ បានប្រើយន្តហោះប្រយុទ្ធមកហោះក្រវែលរង្គើវេហាទាំងកណ្តាលយប់នៅតាមបណ្តោយព្រំដែនជាមួយកម្ពុជា។ ក្រៅពីនេះ ថៃបានប្រកាសជាសាធារណៈពីការបញ្ជាទិញយន្តហោះចម្បាំងទំនើបៗជាបន្តបន្ទាប់ ហើយកងទ័ពជើងទឹកថៃទើបបានប្រកាសផែនការបញ្ជាទិញនាវាចម្បាំងចំនួនពីរគ្រឿងបន្ថែម ក្នុងទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារអាមេរិក ដើម្បីពង្រឹងសមត្ថភាពការពារដែនសមុទ្ររបស់ខ្លួន។
ទោះបីជាយ៉ាងណា ភាគីកម្ពុជាមិនបានបង្ហាញប្រតិកម្មអ្វីឡើយ។ ឥរិយាបថនេះឆ្លុះបញ្ចាំងពីការគោរពសិទ្ធិស្វ័យសម្រេច និងអធិបតេយ្យភាពរបស់ប្រទេសជិតខាង។
ជុំវិញបញ្ហានេះ លោកបណ្ឌិត ញិល រដ្ឋា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ យល់ឃើញថា ការលើកឡើងបំផ្លើសអំពីការទិញសព្វាវុធការពារខ្លួនរបស់កម្ពុជា មិនមែនជាការយល់ច្រឡំដោយអចេតនារបស់ថៃនោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រនយោបាយដែលត្រូវបានរៀបចំទុកជាមុន។
អ្នកជំនាញរូបនេះពន្យល់ថា ភាគីថៃកំពុងប្រើប្រាស់បញ្ហាកម្ពុជាជាឧបករណ៍នយោបាយ ដើម្បីកេងចំណេញផលប្រយោជន៍ផ្ទៃក្នុង និងបង្កើតភាពស្របច្បាប់សម្រាប់ការបង្កើនកញ្ចប់ថវិកាយោធារបស់ខ្លួន។ លើសពីនេះ ថៃក៏ កំពុងប្រើប្រាស់សង្គ្រាមព័ត៌មាន និងសង្គ្រាមចិត្តសាស្ត្រ ក្នុងគោលបំណងដាក់សម្ពាធការទូត និងសេដ្ឋកិច្ចមកលើកម្ពុជាផងដែរ។
អ្នកឃ្លាំមើលសង្គមកម្ពុជាយល់ថា ប្រទេសទាំងពីរគួរតែពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មានឱ្យកាន់តែជិតស្និទ្ធ តាមរយៈការបង្កើតយន្តការសម្របសម្រួលព័ត៌មានរួមប្រកបដោយប្រសិទ្ធិភាព ដើម្បី ទប់ស្កាត់ការរីករាលដាលនៃព័ត៌មានមិនពិត ឬក្លែងក្លាយ ដែលអាចបង្កឱ្យមានការយល់ច្រឡំ ភាពវឹកវរក្នុងសង្គម និងអាចនាំឱ្យមានភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ៕












