ហេសបូឡា មិនទទួលស្គាល់កិច្ចព្រមព្រៀង អាមេរិក-អ៊ីស្រាអែល-លីបង់

បេរូត ៖ មេដឹកនាំក្រុមហេសបូឡា កាលពីថ្ងៃសៅរ៍ បានប្រកាសមិនទទួលស្គាល់ កិច្ចព្រមព្រៀងក្របខណ្ឌអាមេរិក-អ៊ីស្រាអែល-លីបង់ ដែលទើបត្រូវបានចុះហត្ថលេខា នៅទីក្រុងវ៉ាស៊ីនតោន។

លោក Qassem មេដឹកនាំក្រុមហេសបូឡា ថ្លែងចាត់ទុកកិច្ចព្រមព្រៀងក្របខណ្ឌនោះ ជាមោឃៈ ហើយចោទប្រកាន់រដ្ឋាភិបាលលីបង់ថា បានធ្វើសម្បទានជាឯកតោភាគី និងធ្វើឱ្យខូចអធិបតេយ្យរបស់ប្រទេសលីបង់។

លោក Qassem បានរិះគន់ចំណុចភ្ជាប់ ការដកទ័ពរបស់អ៊ីស្រាអែល ទៅនឹងការរំសាយអាវុធរបស់ហេសបូឡា ដោយនិយាយថា វានឹងធ្វើឱ្យវត្តមានយោធាអ៊ីស្រាអែលក្លាយទៅជាស្របច្បាប់ និងហួសពីបន្ទាត់ក្រហម។ លោកបន្ថែមថា ហេសបូឡានឹងបន្តការតស៊ូប្រដាប់អាវុធរបស់ខ្លួន ហើយមិនចាកចេញទៅណាឡើយ។

លីបង់ និង អ៊ីស្រាអែល កាលពីថ្ងៃសុក្រ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ ដែលគាំទ្រដោយសហរដ្ឋអាមេរិក ក្នុងគោលបំណងសម្របសម្រួល ការដកទ័ពអ៊ីស្រាអែលជាដំណាក់កាលចេញពីទឹកដី លីបង់ និងកាត់បន្ថយអរិភាព នៅតាមព្រំដែន។

ក្រុម ហេសបូឡា បានអូសប្រទេសលីបង់ ចូលក្នុងអរិភាពនៅមជ្ឈិមបូព៌ា បន្ទាប់ពីក្រុមដែលមានអ៊ីរ៉ង់ នៅពីក្រោយមួយនេះ បានបាញ់ផ្លោងរ៉ុក្កែត ចូលទឹកដីប្រទេសអ៊ីស្រាអែល កាលពីដើមខែមីនា ដើម្បីសងសឹកនឹងការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំឡុងការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ៕

ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner