អ៊ីរ៉ង់ និង អាមេរិក ផ្អាកវាយគ្នា ហើយវិលចូលតុចរចាវិញ ក្នុងសប្តាហ៍នេះ

វ៉ាស៊ីនតោន, តេហេរ៉ង់ ៖ អ៊ីរ៉ង់ និង សហរដ្ឋអាមេរិក នឹងបញ្ឈប់ការវាយប្រហារគ្នា ទៅវិញទៅមក ហើយចាប់ផ្តើមកិច្ចពិភាក្សាបច្ចេកទេស នៅក្នុងសប្តាហ៍នេះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក Axios ។

បើតាម CNA, ការសម្រេចនេះ បានធ្វើឡើង បន្ទាប់ពី អ៊ីរ៉ង់ បានបាញ់បង្ហោះកាំជ្រួច និងយន្តហោះគ្មានមនុស្សបើក នៅឯទីតាំងយោធាអាមេរិក ក្នុងប្រទេសកូវ៉ែត និងបារ៉ែន កាលពីព្រឹកថ្ងៃអាទិត្យ ពោលគឺភ្លាមៗបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានគំរាមថា នឹងលុបបំបាត់ចោលនូវការដឹកនាំរបស់អ៊ីរ៉ង់ ប្រសិនបើទីក្រុងតេហេរ៉ង់ មិនប្រកាន់ខ្ជាប់ នូវកិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្រ្គាមនេះ។

អ៊ីរ៉ង់ វាយប្រហារ នៅប្រទេសឈូងសមុទ្រ ក៏ធ្វើឡើង បន្ទាប់ពីអាមេរិក វាយប្រហារ ទីតាំងរបស់ខ្លួនផ្ទួនៗ ដោយទីក្រុងវ៉ាស៊ីនតោន ចោទថា មានការវាយប្រហារ លើនាវាពាណិជ្ជកម្ម ទើបខ្លួនបើកការវាយប្រហារជាថ្មី។

យោងតាមរបាយការណ៍ របស់គេហទំព័រព័ត៌មាន Axios ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក ដោយដកស្រង់សម្តី មន្ត្រីជាន់ខ្ពស់របស់ទីក្រុងវ៉ាស៊ីនតោន មិនបញ្ចេញឈ្មោះ បានប្រាប់ថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានព្រមព្រៀងគ្នា បញ្ឈប់អរិភាព ហើយ គ្រោងនឹងជួបប្រជុំគ្នា នៅប្រទេសកាតា នាថ្ងៃទី៣០ ខែមិថុនា ដើម្បីដោះស្រាយជម្លោះ ជុំវិញច្រកសមុទ្រ Hormuz ។

យោងតាមប្រភព ដែលដឹងអំពីកិច្ចចរចា, កិច្ចប្រជុំ ក៏នឹងដោះស្រាយបញ្ហាបច្ចេកទេស ទាក់ទងនឹងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ប៉ុន្តែ សារភាពថា មានភាពតានតឹងកើនឡើង ខណៈដែល កន្លែងជួបពិភាក្សា ក៏មានការផ្លាស់ប្តូរទីតាំង៕

ប្រភព ៖ CNA , ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner