កម្ពុជាអបអរទិវាអូឡាំពិក ជាមួយគោលដៅឆ្ពោះទៅអូឡាំពិក២០២៨
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានប្រារព្ធពិធីអបអរសាទរខួបលើកទី១៣២នៃទិវាអូឡាំពិក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រោមប្រធានបទ «ក្រុមកីឡាកម្ពុជាឆ្ពោះទៅកីឡាអូឡាំពិកទីក្រុង LA ឆ្នាំ២០២៨ » ដោយមានការចូលរួមពីអត្តពលិក សិស្សានុសិស្ស និងភាគីពាក់ព័ន្ធសរុបប្រមាណ៨០០នាក់ ។
ការប្រារព្វទិវាអូឡាំពិក គឺជាការរម្លឹកដល់ការបង្កើតចលនាអូឡាំពិកសម័យទំនើប ដែលផ្តួចផ្តើមដោយជនជាតិបារាំង គឺលោក ព្យែរ ឌឺ គួបឺតាំង (Pierre de Coubertin)។ សម្រាប់ឆ្នាំនេះ កម្ពុជាបានឆ្លៀតយកឱកាសនៃការរម្លឹកទិវាអូឡាំពិក ដើម្បីបំផុសចលនាគាំទ្រដល់ក្រុមកីឡាកម្ពុជា ដែលកំពុងត្រៀមលក្ខណៈ ចូលរួមការប្រកួតជម្រុះ ដើម្បីដណ្តើមកៅអីទៅចូលរួមការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២៨ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។
ក្នុងឱកាសនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអំពាវនាវឱ្យសិស្សានុសិស្ស និងអត្តពលិកទាំងអស់ចូលរួមបំផុសចលនា “ហាត់ប្រាណ និងលេងកីឡាអស់មួយជីវិត” ដើម្បីទទួលបានសុខភាពល្អ ទាំងសុខភាពរាងកាយ ស្មារតី និងបញ្ញាញាណ ក្នុងគោលដៅអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយគុណភាពខ្ពស់ និងសុខភាព ដែលជាលក្ខខណ្ឌចាំបាច់មិនអាចខ្វះបានសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ៕
អត្ថបទ៖ ជាវ ចន្ធូ





