អ៊ីរ៉ង់ ថា នឹងគោរពការសន្យា បើអាមេរិកគោរពអនុស្សរណៈ
តេហេរ៉ង់ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian និយាយកាលពីថ្ងៃចន្ទថា ទីក្រុងតេហេរ៉ង់នឹងគោរពការសន្យា ប្រសិនបើ អាមេរិក គោរពតាមអនុស្សរណៈ។
លោក Masoud Pezeshkian អះអាងថា អ៊ីរ៉ង់នឹងនៅតែប្តេជ្ញាចិត្ត ចំពោះអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី១៨ ខែមិថុនា ជាមួយសហរដ្ឋអាមេរិក ដរាបណាទីក្រុងវ៉ាស៊ីនតោនរក្សាកាតព្វកិច្ចរបស់ខ្លួន។
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X, លោកប្រធានាធិបតីរៀបរាប់ថា «ប្រសិនបើភាគីអាមេរិកនៅតែប្តេជ្ញាចិត្តចំពោះអនុស្សរណៈនេះ យើងក៏នឹងបំពេញការប្តេជ្ញាចិត្ត របស់យើងផងដែរ»។
បើតាម Anadolu, ការកត់សម្គាល់ របស់លោក Pezeshkian បានកើតឡើង ចំពេលមានការជជែកដេញដោលគ្នា ជាបន្តបន្ទាប់ លើការអនុវត្តអនុស្សរណៈ ដ៏ចម្រូងចម្រាស់។
ប្រទេសគូជម្លោះទាំងពីរ បានវាយប្រហារគ្នាទៅវិញទៅមកកាលពីសប្តាហ៍មុន ទោះបីមាន MOU ប៉ុន្តែ អាមេរិកអះអាងថា ភាគីទាំងពីរបានសម្រេចផ្អាកវាយប្រយុទ្ធគ្នា ហើយវិលមករកតុចរចា ឡើងវិញ។
MOU រវាងអាមេរិក និងអ៊ីរ៉ង់ ចែងរួមមានទាំង បទប្បញ្ញត្តិទាក់ទងនឹងសន្តិសុខដែនសមុទ្រ នៅច្រកសមុទ្រ Hormuz, ការនាំចេញប្រេង និង ការដោះលែងទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលជាប់គាំង ជាដើម៕
ប្រភព ៖ Anadolu, ប្រែសម្រួល ៖ សារ៉ាត
