អាមេរិក ធ្វើទំនើបកម្មមីស៊ីលជំនាន់ថ្មីអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដំបូងបង្អស់ក្នុងពេល ៤០ ឆ្នាំ
វ៉ាស៊ីនតោន ៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិកកំពុងបោះជំហានទៅមុខថែមមួយកម្រិតទៀតនៅក្នុងការធ្វើទំនើបកម្មប្រព័ន្ធមីស៊ីលជំនាន់ថ្មី ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរដំបូងបង្អស់ក្នុងរយៈពេលជិត ៤០ ឆ្នាំ ។
បើតាម Interesting engineering, មីស៊ីលជំនាន់ថ្មីនេះមានឈ្មោះថា D5LE2 ។ វាកើតចេញពីការធ្វើទំនើបកម្មប្រព័ន្ធមីស៊ីលស៊េរីចាស់ D5LE ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ ចាប់តាំងពីឆ្នាំ ១៩៩០ មកម្ល៉េះ ។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ប្រព័ន្ធមីស៊ីលជំនាន់ថ្មី D5LE2 នឹងត្រូវបំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរប្រភេទ W93 ខណៈប្រភេទ Mk7 គឺជាស្រោមការពារក្បាលគ្រាប់នុយក្លេអ៊ែរ ។
ប្រព័ន្ធមីស៊ីលថ្មីនេះ ជាផ្នែកមួយនៃផែនការធ្វើទំនើបកម្មអាវុធយុទ្ធសាស្ត្រ ដែលដឹកនាំដោយស្ថាប័នកម្មវិធីប្រព័ន្ធយុទ្ធសាស្ត្រ ហៅកាត់ PAE SSP របស់កងទ័ពជើងទឹកអាមេរិក ។ វាធ្វើឡើងក្នុងគោលបំណងរក្សាស្ថិរភាពសមត្ថភាពរារាំងនុយក្លេអ៊ែរ តាមដែនសមុទ្ររហូតដល់ឆ្នាំ ២០៨៤ ។
បើតាមការគ្រោងទុកនោះ ប្រព័ន្ធអាវុធយុទ្ធសាស្រ្តដែលធ្វើទំនើបកម្មនេះ នឹងត្រូវយកទៅបំពាក់នៅលើនាវាមុជទឹកប្រភេទ Columbia-class ដែលជានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្មីរបស់សហរដ្ឋអាមេរិក ដើម្បីជំនួសនាវាមុជទឹកប្រភេទ Ohio ស៊ែរីចាស់ៗ ។
គម្រោងខ្នាតយក្សនេះ ក៏មានការចូលរួម និងផ្តល់ផលប្រយោជន៍ដល់ចក្រភពអង់គ្លេសផងដែរ ដោយក្បាលគ្រាប់ W93/Mk7 និងប្រព័ន្ធមីស៊ីល D5LE2 នឹងត្រូវយកទៅបំពាក់ដល់នាវាមុជទឹកប្រភេទ Dreadnought របស់កងទ័ពជើងទឹកអង់គ្លេស ស្ថិតក្រោមជំនួយបច្ចេកវិទ្យារួមគ្នារវាងប្រទេសទាំងពីរ ។
កងទ័ពជើងទឹកសហរដ្ឋអាមេរិកប្រកាសថា បើមិនមានអ្វីប្រែប្រួលទេនោះ មីស៊ីល D5LE2 គ្រោងនឹងចាប់ផ្តើមដាក់ពង្រាយទៅក្នុងកងនាវាដំបូងនៅក្នុងឆ្នាំ ២០៣៩ ខាងមុខ ៕
ប្រភព ៖ Interesting engineering ប្រែសម្រួល ៖ ឈឹម ទីណា
