លោកស្រី Takaichi នាយករដ្ឋមន្ត្រីជប៉ុនផ្តើមទស្សនកិច្ច នៅឥណ្ឌា
ញូវ ដែល្លី ៖ លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានអញ្ជើញទៅដល់ ទីក្រុងញូវ ដែល្លី កាលពីថ្ងៃពុធ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការ របស់លោកស្រី ទៅកាន់ប្រទេសឥណ្ឌា ដោយផ្តោតរបៀបវារៈ លើទំនាក់ទំនងពាណិជ្ជកម្ម, បច្ចេកវិទ្យា និង សន្តិសុខ។
លោកស្រី Takaichi ត្រូវជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ក្នុងអំឡុងពេលដំណើរទស្សនកិច្ច រយៈពេល ៣ថ្ងៃ។
យោងតាមតួលេខផ្លូវការ ពីប្រទេសឥណ្ឌា, ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងឆ្នាំ ២០២៥-២០២៦ បានកើនឡើងដល់ ២៧ពាន់លានដុល្លារ។
នៅក្នុងអត្ថបទមួយ ដែលបានបោះពុម្ពផ្សាយ នៅក្នុងកាសែត Times of India មុនពេលដំណើរទស្សនកិច្ច, លោកស្រី Takaichi បាននិយាយថា លោកស្រីរំពឹងថា នឹងមានការពិភាក្សាដោយស្មោះត្រង់ អំពីរបៀបដោះស្រាយបញ្ហាប្រឈម ដែលសហគមន៍អន្តរជាតិ កំពុងប្រឈមមុខ នៅក្នុងសម័យកាល មិនប្រាកដប្រជា និងសាកល្បងទាំងនេះ។
លោកស្រី Takaichi បាននិយាយថា «តំបន់ដែលមានសេរីភាព និងបើកចំហពិតប្រាកដ មិនមែនជាតំបន់ដែលមានតែមហាអំណាចប៉ុណ្ណោះទេ ដែលទទួលបានសេរីភាព ប៉ុន្តែ ជាតំបន់ដែលគ្រប់ប្រទេស អាចកំណត់ទិសដៅផ្ទាល់ខ្លួន ដោយគ្មានការបង្ខិតបង្ខំ ពីខាងក្រៅ»៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
