វត្តមានរោងចក្រដំឡើងរថយន្ត TOYOTA ឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់របស់វិនិយោគិនជប៉ុននៅកម្ពុជា
ភ្នំពេញ៖វត្តមានរបស់រោងចក្រផ្គុំ និងដំឡើងរថយន្ត TOYOTA ម៉ូដែលថ្មី Hilux Travo នៅកម្ពុជា គឺជាសក្ខីកម្មដ៏សំខាន់ បង្ហាញពីទំនុកចិត្តយ៉ាងមុតមាំរបស់វិនិយោគិនជប៉ុន មកលើស្ថិរភាពនយោបាយ និងបរិយាកាសសេដ្ឋកិច្ចរបស់កម្ពុជា។
ក្នុងពិធីបើកដំណើរការខ្សែច្រវាក់ផលិតកម្ម ស្ថិតក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០២ កក្កដា ឆ្នាំ២០២៦ នេះ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថាវត្តមានរោងចក្រផ្គុំនិងដំឡើងរថយន្ត តូយ៉ូតា Hilux Travoម៉ូដែលថ្មី របស់ក្រុមហ៊ុនតូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឹរឹង (ខេមបូឌា) ឯ.ក របស់ជប៉ុន ដែលផ្គុំ និងដំឡើងដោយស្មាដៃកូនខ្មែរសុទ្ធសាធនេះ បានសបញ្ជាក់ឱ្យឃើញថា ជប៉ុនមានការជឿជាក់លើរាជរដ្ឋាភិបាលចំពោះការដាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា។សមិទ្ធផលរបស់ក្រុមហ៊ុន តូយ៉ូតា នឹងក្លាយជាគំរូជោគជ័យមួយ ក្នុងការទាក់ទាញក្រុមហ៊ុនអន្តរជាតិធំៗផ្សេងទៀត ឱ្យមកបោះទុនវិនិយោគនៅកម្ពុជាបន្ថែម។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបញ្ជាក់បន្ថែមថាការវិនិយោគរបស់ក្រុមហ៊ុនមកពីក្រៅប្រទេសបានរីកចម្រើនតាំងពីឆ្នាំ២០២៣មកម៉្លេះ។ ក្នុងឆ្នាំ២០២៣កម្ពុជាបានអនុម័តគម្រោងចំនួន២៦៨គម្រោង ,ឆ្នាំ២០២៤ការអនុម័តគម្រោងកើនឡើង៤១៤ម្រោង ,ឆ្នាំ០២៥រអនុម័តកើនឡើង៦៣០គម្រោងខណៈ៦ខែឆ្នាំ២០២៦នេះកម្ពុជាបានអនុម័តជាង២២០គម្រោង។
មានប្រសាសន៍ក្នុងឱកាសនេះដែរឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចាត់ទុកវឌ្ឍនភាពនេះថា បានឆ្លើយតបចំៗទៅនឹងយុទ្ធសាស្ត្របញ្ចកោណ និងគោលនយោបាយអភិវឌ្ឍន៍វិស័យយានយន្ត។ អ្វីដែលជាមោទនភាពគឺ បច្ចុប្បន្នរោងចក្រនេះ បានប្រើប្រាស់គ្រឿងបង្គុំ និងបំណែករថយន្តផលិតក្នុងស្រុករហូតដល់ទៅ ២០% ដែលជាការជួយជម្រុញដល់សេដ្ឋកិច្ចជាតិ និងបង្កើតតម្លៃបន្ថែមយ៉ាងពិតប្រាកដ។
ឯកឧត្តមរដ្ឋមន្រ្តីបានឱ្យដឹងផងដែរថា គិតត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២៦កម្ពុជាមានរោងចក្រដំណើរការសរុប ៣.២៨៤ រោងចក្រ,ស្រូបកម្លាំងពលកម្ម ១,៣៣ លាននាក់ ក្នុងនេះស្ត្រី ៧០ភាគរយជាមួយទុនវិនិយោគសរុបជាង ២៧,៦ ប៊ីលានដុល្លារ អាម៉េរិកពោលកើនឡើង ២៥%។
ដោយឡែកតម្លៃបរិមាណផលិតផល៤ខែ ដើមឆ្នាំ២០២៦មានចំនួន ៦,១ ប៊ីលានដុល្លារ គឺកើនឡើង ៦៣ភាគរយ។
ចំណែកវិស័យយានយន្ត បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនផលិត ផ្តុំ និងដំឡើងរថយន្តចំនួន ១១ ទីតាំងដែលអាចមានសមត្ថភាពផលិត ផ្តុំ និងដំឡើងរថយន្តបាន ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ។ទុនវិនិយោគសរុប១៥៦ លានដុល្លារ និងបង្កើតការងារចំនួន ១.៣៦៥ កន្លែង ក្នុងនេះស្រ្តីចំនួន ៦៣៣ កន្លែង។ គិតរហូតមកដល់បច្ចុប្បន្ន រថយន្តដែលផ្តុំ និងដំឡើងក្នុងស្រុកមានចំនួនសរុប ១៧៣.៤៧៣ គ្រឿង និងមានតម្លៃសរុប ១,១ ប៊ីលានដុល្លារ ហើយរថយន្តទាំងនេះបាន និងកំពុងបម្រើឱ្យទីផ្សារក្នុងស្រុក។
ជាការកត់សម្គាល់ ក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឺរីង (ខេមបូឌា)ជាតួអង្គសំខាន់មួយក្នុងវិស័យយានយន្ត បានដំឡើងរថយន្តទាំង ២ប្រភេទ (Fortuner និង Hilux) សរុបចំនួន ៦.២៦០គ្រឿង៕
អត្ថបទ៖ជាវ ចន្ធូ
រូបភាព៖ ជីម ភារ៉ា




