លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដាស់តឿនគ្រូពេទ្យ៖ទោះ AI រីកចម្រើនកម្រិតណា ក៏មិនត្រូវបោះបង់ក្រមសីលធម៌និងការអាណិតអាសូរ អ្នកជំងឺឡើយ
ភ្នំពេញ៖នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាកំពុងដើរលឿន ក្រុមគ្រូពេទ្យទូទាំងប្រទេសត្រូវបានដាស់តឿនឱ្យពង្រឹងស្មារតីរក្សាក្រមសីលធម៌ វិជ្ជាជីវៈ និងការព្យាបាលដោយក្តីមេត្តាធម៌។ ការអំពាវនាវនេះធ្វើឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអនុប្រធានក្រុម ប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) ក្នុងឱកាសបើកសន្និសីទទន្តសាស្ត្រលើកទី២ ប្រចាំឆ្នាំ២០២៦ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៦ ។
ថ្លែងទៅកាន់អ្នកចូលរួមលោកជំទាវបណ្ឌិត បានបញ្ជាក់ថា រាល់អ្នកជំងឺដែលមកស្វែងរកសេវាសុខាភិបាល គឺដោយសារតែពួកគេមាន ទំនុកចិត្តលើគ្រូពេទ្យ។ ដូច្នេះ គ្រូពេទ្យគ្រប់រូបត្រូវតែមានជំនាញស្ដាប់ ពន្យល់ យកចិត្តទុកដាក់ និងផ្ដល់សុវត្ថិភាពដល់អ្នកជំងឺដែលទាំងនេះ ជាតម្លៃស្នូលមិនអាចកាត់ថ្លៃបាន។
សម្រាប់ក្រុមគ្រូពេទ្យដើម្បីជាត្រីវិស័យក្នុងការអនុវត្តវិជ្ជាជីវៈលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានចែករំលែកនូវទស្សនៈសំខាន់ៗចំនួន ៥ ចំណុចក្នុងនេះ ១. ចាត់ទុកសន្និសីទជាវេទិកាដកស្រង់បទពិសោធន៍ កត់ត្រា និងជជែកពិភាក្សាយ៉ាងសកម្ម,២.បន្តចែករំលែកចំណេះដឹង និងបច្ចេកទេសថ្មីៗទៅកាន់មិត្តរួមអាជីព,៣.ត្រូវពង្រឹងជំនាញឱ្យស្របនឹងការរីកចម្រើននៃបច្ចេកវិទ្យាសកលលោក ជាពិសេសបញ្ញាសិប្បនិម្មិត (AI)ប៉ុន្តែកុំឱ្យបាត់បង់សីលធម៌វិជ្ជាជីវៈ,៤. ការព្យាបាលត្រូវប្រកបដោយសុវត្ថិភាព ការពន្យល់ច្បាស់លាស់ គោរពអ្នកជំងឺនិងទទួលខុសត្រូវ ខ្ពស់លើលទ្ធផលនិង ៥.បន្តឆន្ទៈជួយគ្នាបម្រើប្រជាពលរដ្ឋ និងមិនទុកអ្នកណាម្នាក់ឱ្យនៅឯកោក្នុងគ្រាលំបាក។
ក្នុងរបាយការណ៍លោកសាស្ត្រាចារ្យជំនួយ ស៊ូ ស៊ីផាណ្ណា ប្រធានប្រតិបត្តិ TYDAបានឱ្យដឹងថា ក្នុងរយៈពេលជិត ១៤ឆ្នាំមកនេះសមាគម បានចុះបេសកកម្មពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេសបានចំនួន ៦៦៤លើក និងព្យាបាលជំងឺបានជាង ៦៧ម៉ឺនករណី ក្នុងនោះអ្នកជំងឺធ្ងន់ធ្ងរជាង១៥ ០០០នាក់ បានបញ្ជូនមកព្យាបាលនៅរាជធានីភ្នំពេញ និងជាមួយដៃគូសហការនានាដែលក្នុង នោះមានអ្នកជំងឺបេះដូងធ្ងន់ចំនួន ៨៧នាក់ ដោយរាល់ការចំណាយទាំងអស់ជាបន្ទុករបស់សមាគម ។ ជាមួយនោះ TYDAក៏បានចូលរួមក្នុង ការងារមនុស្សធម៌សង្គ្រោះអ្នកជំងឺជាមួយរាជរដ្ឋាភិបាល ក្នុងអំឡុងការរីករាលដាល នៃជំងឺកូវីដ-១៩ និងពិនិត្យព្យាបាលពលរដ្ឋភៀសសឹកក្នុងពេលមានជម្លោះព្រំដែនជាមួយប្រទេសជិតខាងទៀតផង។
សូមបញ្ជាក់ថា សន្និសីទទន្តសាស្ត្រលើកទី២ ឆ្នាំ២០២៦ប្រារព្ធរយៈពេល ២ថ្ងៃ ពីថ្ងៃទី៤-៥ ខែកក្កដា ក្នុងគោលបំណងផ្លាស់ប្តូរពុទ្ធិ ស្វែងយល់ពីសមត្ថភាពអនុវត្តទន្តសាស្ត្រឈានមុខ និងការរីកចម្រើននៃបច្ចេកវិទ្យាទំនើបៗក្នុងវិស័យសុខាភិបាលកម្ពុជា៕
ដោយ៖វណ្ណលុក















