អ៊ីរ៉ង់-កាតា បន្តធ្វើពាណិជ្ជកម្មតាមសមុទ្រជាមួយគ្នាវិញ ក្រោយផ្អាកព្រោះសង្គ្រាម

តេហេរ៉ង់, ដូហា ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ អ៊ីរ៉ង់ បានប្រកាស កាលពីថ្ងៃអាទិត្យថា ពាណិជ្ជកម្មតាមសមុទ្រ រវាងទីក្រុងតេហេរ៉ង់ និង ប្រទេស កាតា បានបន្តឡើងវិញ បន្ទាប់ពីការផ្អាក ប្រហែលរយៈពេល ៥ខែ អំឡុងសង្គ្រាម។

អនុព័ន្ធពាណិជ្ជកម្ម អ៊ីរ៉ង់
លោក Abbas Abdolkhani បាននិយាយប្រាប់អ្នកសារព័ត៌មានថា ការដឹកជញ្ជូន រវាងកំពង់ផែ Dayyer របស់អ៊ីរ៉ង់ និងកំពង់ផែ Al Ruwais របស់កាតា បានបន្តឡើងវិញ បន្ទាប់ពីការសម្របសម្រួល រវាងស្ថានទូតអ៊ីរ៉ង់ប្រចាំទីក្រុងដូហា និង អាជ្ញាធរកាតា។

បើតាម CNA, កំពង់ផែទាំងពីរ ភាគច្រើនបម្រើដល់ពាណិជ្ជកម្មក្នុងតំបន់។ ជាការកត់សម្គាល់ កំពង់ផែ Dayyer ត្រូវបានវាយប្រហារច្រើនដង ក្នុងអំឡុងពេលផ្ទុះសង្គ្រាម។

ការធ្វើពាណិជ្ជកម្មឡើងវិញ កើតមាន បន្ទាប់ពីមានកិច្ចព្រមព្រៀងបណ្តោះអាសន្ន រវាងទីក្រុងតេហេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ដែលបានចុះហត្ថលេខា កាលពីខែមុន ហើយបានប្រកាសពីការបញ្ចប់នៃអរិភាព បន្ទាប់ពីជម្លោះរយៈពេលជាង បួន ខែ។

បន្ទាប់មក ក៏តម្រូវឱ្យមានការវិលត្រឡប់ ទៅរកចរាចរណ៍តាមផ្លូវសមុទ្រ ឲ្យដូចមុនសង្គ្រាមឡើងវិញ។ ទោះបីជាយ៉ាងណាក៏ដោយ ការដឹកជញ្ជូន ចូល និងចេញ ពីឈូងសមុទ្រ នៅតែមានភាពផុយស្រួយ៕

ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner