ប្រាសាទព្រះវិហារ៖ សម្បត្តិបេតិកភណ្ឌពិភពលោកដ៏រុងរឿង និងកម្សត់របស់ខ្មែរ
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ គឺជាខួបលើកទី១៨ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាបេតិកភណ្ឌពិភពលោករបស់ អង្គការយូណេស្កូ។ រយៈពេល១៨ឆ្នាំកន្លងមកនេះ ប្រាសាទព្រះវិហារ មិនត្រឹមតែជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់មនុស្ស ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃមោទនភាពជាតិ និងការតស៊ូរបស់ប្រជាជនខ្មែរ ក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី ចំពោះមុខការឈ្លានពានជាបន្តបន្ទាប់របស់យោធាសៀម។
ស្ថិតនៅលើកំពូលជួរភ្នំដងរែក ប្រាសាទព្រះវិហារ គឺជាស្នាដៃស្ថាបត្យកម្មដ៏អស្ចារ្យបំផុតមួយ ដែលកសាងឡើងដោយបុព្វបុរសខ្មែរ ក្នុងចន្លោះសតវត្សទី៩ ដល់ទី១២ សម្រាប់ឧទ្ទិសថ្វាយព្រះសិវៈ។ អស់រយៈពេលជាងមួយពាន់ឆ្នាំមកហើយ ប្រាសាទព្រះវិហារបានក្លាយជាសក្ខីភាពមួយនៃស្ថាបត្យកម្មកំពូល សិល្បៈដ៏វិចិត្រ និងភាពរុងរឿងរបស់អាណាចក្រខ្មែរ។
ប្រាសាទព្រះវិហារ មិនមែនគ្រាន់តែជាបុរាណដ្ឋានស័ក្តិសិទ្ធិ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកសម្រាប់កូនចៅជំនាន់ក្រោយប៉ុណ្ណោះទេ ប៉ុន្តែទីសក្ការៈនេះ គឺជាដួងព្រលឹងនៃអរិយធម៌ និងមោទនភាពជាតិខ្មែរ ហើយក៏ជានិមិត្តរូបនៃការរួបរួម និងការតស៊ូរបស់ខ្មែរ ទាំងក្នុងក្របខ័ណ្ឌច្បាប់ និងយោធា ចំពោះមុខមហិច្ឆតាវាតទីនិយមរបស់ប្រទេសជិតខាង។
នៅឆ្នាំ១៩៥៤ បន្ទាប់ពីកម្ពុជាទទួលបានឯករាជ្យថ្មីៗ ថៃបានបញ្ជូនទ័ពចូលកាន់កាប់ប្រាសាទព្រះវិហារ ហើយមិនព្រមដកចេញទៅវិញទេ ទោះបីកម្ពុជាបានតវ៉ាតាមផ្លូវទូតយ៉ាងណាក៏ដោយ។ ដោយសារការចរចាមិនទទួលជោគជ័យ ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ បានសម្រេចព្រះទ័យយកករណីនេះទៅប្តឹងតុលាការយុត្តិធម៌អន្តរជាតិក្រុងឡាអេ។
ក្នុងសាលដីកាឆ្នាំ១៩៦២ តុលាការ ICJ សម្រេចថា ប្រាសាទព្រះវិហារស្ថិតនៅក្នុងទឹកដីក្រោមអធិបតេយ្យភាពរបស់កម្ពុជា ហើយបញ្ជាឱ្យថៃដកកងទ័ព នគរបាល ឬឆ្មាំទាំងអស់ ចេញពីប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ព្រមទាំងត្រូវប្រគល់សងមកកម្ពុជាវិញ នូវវត្ថុបុរាណណា ដែលថៃបានយកចេញពីប្រាសាទ។
សាលដីការតុលាការក្រុងឡាអេ គឺជាជ័យជម្នះដ៏ធំធេងមួយរបស់កម្ពុជា និងជាមូលដ្ឋានផ្លូវច្បាប់អន្តរជាតិដ៏រឹងមាំ ក្នុងការការពារអធិបតេយ្យភាពជាតិ។ ថ្វីត្បិតថៃបង្ខំចិត្តគោរពតាមការសម្រេចរបស់តុលាការ តែប្រទេសនេះមិនបានបោះបង់មហិច្ចតាគ្រប់គ្រងប្រាសាទព្រះវិហារទេ ហើយតែងតែព្យាយាមប្រឆាំង និងធ្វើឲ្យរាំងស្ទះគម្រោងអភិវឌ្ឍន៍ប្រាសាទភ្នំនេះជាបន្តបន្ទាប់។
បញ្ហាបានកើតឡើងសាជាថ្មីក្នុងអំឡុងដើមទសវត្សរ៍ឆ្នាំ២០០០ នៅពេលប្រទេសកម្ពុជាបានចាប់ផ្តើមរៀបចំឯកសារស្នើសុំចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ថៃបានប្រឆាំងតវ៉ាយ៉ាងខ្លាំងក្លាដោយយកលេសថា ខ្លាចប៉ះពាល់ដល់ការកំណត់ព្រំដែន ពិសេសនៅលើដីទំហំប្រហែល ៤.៦ គីឡូម៉ែត្រការ៉េនៅក្បែរប្រាសាទ ដែលថៃចាត់ទុកថាជាតំបន់ជម្លោះ ដោយយោងតាមផែនទីឯកតោភាគីរបស់ខ្លួន។
ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយមានសម្តេចវិបុលបញ្ញា សុខ អាន ជាអ្នកទទួលបន្ទុកកិច្ចការនេះដោយផ្ទាល់ ទីបំផុតកម្ពុជាបានសម្រេចជោគជ័យក្នុងការចុះបញ្ជីប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។
សមិទ្ធផលជាប្រវត្តិសាស្រ្តនេះ បានបង្កើតនូវក្តីរំភើប និងមោទនភាពយ៉ាងខ្លាំងក្នុងចំណោមប្រជាជនខ្មែរទាំងអស់ ព្រោះពិភពលោកបានទទួលស្គាល់ជាផ្លូវការនូវតម្លៃដ៏លេចធ្លោជាសកលនៃសម្បត្តិវប្បធម៌ខ្មែរ។
ជាការសងសឹក ថៃបានបង្កើតភាពតានតឹងនៅតំបន់ប្រាសាទព្រះវិហារ និងតំបន់មួយចំនួនទៀតតាមបណ្តោយព្រំដែន រហូតឈានដល់មានការប៉ះទង្គិចប្រដាប់អាវុធជាបន្តបន្ទាប់ ចន្លោះឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។
ដើម្បីបញ្ចប់ការបកស្រាយខុសគ្នាពាក់ព័ន្ធនឹងសាលដីកាឆ្នាំ១៩៦២ កម្ពុជា បានដាក់ពាក្យស្នើសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិ បកស្រាយសាលដីការរបស់ខ្លួនឡើងវិញឱ្យបានច្បាស់ ពាក់ព័ន្ធនឹងដីនៅតំបន់ជុំវិញប្រាសាទព្រះវិហារ។ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការបានចេញសាលដីកាថ្មី បញ្ជាក់ពីអធិបតេយ្យភាពរបស់កម្ពុជាលើដីជុំវិញប្រាសាទ។ ការបកស្រាយនេះ បានពង្រឹងបន្ថែមនូវមូលដ្ឋានច្បាប់អន្តរជាតិរបស់កម្ពុជា។
ទោះជាយ៉ាងណា នៅឆ្នាំ២០២៥ ស្ថានការណ៍តាមព្រំដែនបានវិលត្រឡប់ទៅរកភាពតានតឹងជាថ្មី ដោយសារអ្នកនយោបាយថៃមួយចំនួនលេងល្បែងជាតិនិយមដើម្បីបង្កើនប្រជាប្រិយភាពរបស់ខ្លួន។ ការប៉ះទង្គិចប្រដាប់អាវុធទ្រង់ទ្រាយធំបានកើតឡើងពីរលើកនៅតាមបណ្តោយព្រំដែន ហើយការវាយប្រហារដោយអាវុធគ្រប់ប្រភេទរបស់យោធាថៃ បានបន្សល់ទុកនូវការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ប្រាសាទព្រះវិហារ សរុបចំនួន ៥៦២កន្លែង។
វិនាសកម្មនេះបានបង្កឱ្យមានការឈឺចាប់ និងការសោកស្តាយយ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋកម្ពុជា ព្រោះនេះមិនត្រឹមតែជាការខូចខាតលើថ្មប្រាសាទប៉ុណ្ណោះទេ ប៉ុន្តែវាជាការប៉ះទង្គិចយ៉ាងខ្លាំងដល់អត្តសញ្ញាណជាតិ មោទនភាព និងដួងព្រលឹងរបស់ប្រជាជាតិខ្មែរទាំងមូល។
ទោះបីយ៉ាងណា សំឡេងយន្តហោះទម្លាក់គ្រាប់ និងស្នូរផ្ទុះរញ្ជូញព្រះធរណី កក្រើកផ្ទាំងសិលា បានក្លាយទៅជាជួងដាស់ស្មារតីកូនខ្មែរគ្រប់រូបឱ្យបន្តថែរក្សាសាមគ្គីភាព ស្រលាញ់ និងការពារមរតកដូនតា ហើយរួមគ្នាជាធ្លុងមួយជាមួយរាជរដ្ឋាភិបាល ក្នុងការពារអធិបតេយ្យភាព បូរណភាពទឹកដី ជាពិសេសថែរក្សា ការពារប្រាសាទព្រះវិហារឱ្យបានគង់វង់សម្រាប់មនុស្សជាតិគ្រប់ជំនាន់។ ប្រាសាទព្រះវិហារនឹងនៅតែឈរជានិមិត្តរូបនៃភាពអស្ចារ្យរបស់អរិយធម៌ខ្មែរ និងជាសក្ខីភាពនៃជ័យជម្នះដោយសន្តិវិធីរបស់កម្ពុជាទៅលើសត្រូវឈ្លានពាន៕
ដោយ៖ ទួន សុផល

