ប្រជាពលរដ្ឋ១.៥០០នាក់ ទទួលបានការពិនិត្យភ្នែក និងចែកវ៉ែនតា ឥតគិតថ្លៃពីក្រុមគ្រូពេទ្យឯកទេសនេប៉ាល់
ប្រជាពលរដ្ឋប្រមាណ ១.៥០០នាក់ មកពីខេត្តកំពង់ចាម និងបណ្តាខេត្តនានា បានមកទទួលសេវាពិនិត្យភ្នែក ផ្ដល់ថ្នាំបន្តក់ និងចែកវ៉ែនតាដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យឯកទេសភ្នែក នៃវិទ្យាស្ថានភ្នែកនេប៉ាល់។ កម្មវិធីមនុស្សធម៌នេះ ធ្វើឡើងក្រោមសហការរវាងរដ្ឋបាលខេត្ត សភាពាណិជ្ជកម្មខេត្តកំពង់ចាម និងស្ថានទូតនេប៉ាល់ប្រចាំកម្ពុជាកាលពីថ្ងៃអាទិត្យ។
សកម្មភាពមនុស្សធម៌នេះមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។ឯកឧត្តមពណ៌នាសកម្មពិនិត្យ និងផ្តល់វ៉ែនតាឥតគិតថ្លៃនាពេលនេះ គឺដើម្បីឆ្លើយតបចំពោះតម្រូវការ ជាក់ស្តែង និងជួយសម្រាលបន្ទុកចំណាយរបស់បងប្អូនបានមួយ កម្រិតធំ។
ឯកឧត្តមអភិបាលខេត្ត បន្ថែមថា សុខភាពរបស់ប្រជាពលរដ្ឋ គឺជា អាទិភាពចម្បងបំផុតរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត។ ព្រមជា មួយគ្នានេះ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកអគ្គរដ្ឋទូតនេប៉ាល់ និងក្រុមគ្រូពេទ្យឯកទេសទាំងអស់ ដែលបាន នាំយកសេវាសុខាភិបាលដ៏សំខាន់នេះ មកជូនពលរដ្ឋខេត្តកំពង់ចាម។
ឯកឧត្តម ដាន ពហ្វាឌូ អូលី ឯកអគ្គរដ្ឋទូតនេប៉ាល់បានបញ្ជាក់ថា ការនាំយកក្រុមគ្រូពេទ្យឯកទេសភ្នែកនាពេលនេះ គឺដើម្បីចូលរួម ចំណែកកាត់បន្ថយអត្រាពិការភ្នែក និងផ្តល់ពន្លឺសារជាថ្មីជូនដល់ ពលរដ្ឋកម្ពុជាដែលមានជីវភាពខ្វះខាត។
ឯកឧត្តមបន្ថែមថា នេះមិនត្រឹមតែជាការជួយសង្គ្រោះផ្នែក សុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាស្ពានចម្លងក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិទាំងពីរ កម្ពុជា-នេប៉ាល់ ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតផងដែរ៕
ដោយ៖លី ពៅ













