ហាម៉ាស ប្រកាសរំលាយស្ថាប័នគ្រប់គ្រងហ្គាហ្សា ក្រោយត្រួតត្រា ជិត២០ឆ្នាំ
ហ្គាហ្សា ៖ ហាម៉ាស បាននិយាយ នៅថ្ងៃចន្ទនេះថា ខ្លួនកំពុងរៀបចំរំលាយស្ថាប័នដែលបានគ្រប់គ្រងតំបន់ហ្គាហ្សា បន្ទាប់ពីបានត្រួតត្រា អស់រយៈពេលជិត ២ទសវត្សរ៍មកហើយ ពោលគឺក្នុងហេតុផល បើកផ្លូវសម្រាប់គណៈកម្មាធិការបច្ចេកទេសប៉ាឡេស្ទីន អនុវត្តការគ្រប់គ្រងបែបស៊ីវិលវិញ។
មន្ត្រីហាម៉ាសបានប្រាប់ AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «ចលនានេះ បានសម្រេចចិត្តរំលាយគណៈកម្មាធិការរដ្ឋាភិបាលហ្គាហ្សា និង តែងតាំងឥស្សរជនដែលទទួលស្គាល់ ដើម្បីត្រួតពិនិត្យការងាររបស់គណៈកម្មាធិការនេះ រហូតដល់គណៈកម្មាធិការជាតិ សម្រាប់ការគ្រប់គ្រងហ្គាហ្សា ទទួលយកការទទួលខុសត្រូវរបស់ខ្លួនជាផ្លូវការ»។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់ហាម៉ាសនៅហ្គាហ្សា បាននិយាយថា ខ្លួននឹងធ្វើ សន្និសីទសារព័ត៌មានដ៏សំខាន់មួយ នៅថ្ងៃច័ន្ទនេះ ដោយមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ។
មន្ត្រីហាម៉ាសម្នាក់ទៀត បាននិយាយថា ក្រុមនេះបានជូនដំណឹងដល់ក្រុមប៉ាឡេស្ទីនផ្សេងទៀតរួចហើយ នៅក្នុងកិច្ចប្រជុំ ថ្មីៗនេះ នៅប្រទេសអេហ្ស៊ីប។
មន្ត្រីរូបនេះបាននិយាយថា «ក្រុមទាំងនោះបានស្វាគមន៍ការសម្រេចចិត្តរបស់ហាម៉ាស ដោយពណ៌នាថា វាជាជំហានដ៏សំខាន់មួយ ឆ្ពោះទៅរកការអនុញ្ញាតឱ្យគណៈកម្មាធិការជាតិ ទទួលយកតួនាទីគ្រប់គ្រងរបស់ខ្លួន»។
បើតាម CNA, ការណ៍នេះ បង្ហាញពីការផ្លាស់ប្តូរនយោបាយដ៏សំខាន់មួយដោយក្រុមសកម្មប្រយុទ្ធ ហាម៉ាស ដែលបានគ្រប់គ្រងតំបន់ហ្គាហ្សា ចាប់តាំងពីក្រុមយុទ្ធជនរបស់ខ្លួនបានដណ្តើមយកការគ្រប់គ្រង ពីចលនាប៉ាឡេស្ទីន Fatah ក្នុងឆ្នាំ ២០០៧។
ចាប់តាំងពីបទឈប់បាញ់ហ្គាហ្សា រវាងហាម៉ាស និងអ៊ីស្រាអែល បានចូលជាធរមាន កាលពីខែតុលា ឆ្នាំមុន ក្រុមនេះបាននិយាយម្តងហើយម្តងទៀតថា ខ្លួនត្រៀមខ្លួនរួចជាស្រេច ដើម្បីដកខ្លួនចេញពីការគ្រប់គ្រងប្រចាំថ្ងៃ ប៉ុន្តែ បញ្ហាដ៏ស្មុគស្មាញនៃការរំសាយអាវុធរបស់ខ្លួន នៅតែមិនទាន់ដោះស្រាយបាន៕
ប្រភព ៖ CNA ប្រែសម្រួល ៖ សារ៉ាត