សម្ដេចធិបតី៖ផ្លូវជាតិលេខ៧ ជាសរសៃឈាមសេដ្ឋកិច្ចយុទ្ធសាស្ត្រ
កំពង់ចាម៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញនូវយល់ឃើញថា កំណាត់ផ្លូវជាតិលេខ៧ គឺជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល និងជាខ្សែផ្លូវយុទ្ធសាស្ត្រយ៉ាងសំខាន់ ក្នុងការតភ្ជាប់បណ្តាញដឹកជញ្ជូនទៅកាន់គ្រប់រាជធានី-ខេត្តទូទាំងប្រទេស។
ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧ (ស្គន់-កំពង់ចាម) នាព្រឹកថ្ងៃទ០៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាទារណរដ្ឋប្រជាមានិតចិន ដោយមានការចូលរួមពី ឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាផងនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានរំលឹកថា កំណាត់ផ្លូវជាតិលេខ៧ នេះ ត្រូវបានបើកការដ្ឋានសាងសង់ឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងអតីតឯកអគ្គរដ្ឋទូតចិន។ ដោយឡែកថ្ងៃនេះ ផ្លូវនេះត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី នាយករដ្ឋមន្ត្រីថ្មី និងឯកអគ្គរដ្ឋទូតថ្មី។ សម្តេចបានសង្កត់ធ្ងន់ថា ទោះបីជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំ ប៉ុន្តែសមិទ្ធផលនិងដំណើរការកសាងជាតិនៅតែបន្តទៅមុខឥតឈប់ឈរ ពោលគឺនៅក្នុងផែនការឆ្នាំ២០២៦-២០២៧ រដ្ឋាភិបាលនឹងបន្តអភិវឌ្ឍខ្សែផ្លូវជាច្រើនបន្ថែមទៀត។
គម្រោងសាងសង់ឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៧ មានប្រវែងសរុប ៤៥,៤៨ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ នៃស្រុកជើងព្រៃ រហូតដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម។ ផ្លូវនេះត្រូវបានស្ថាបនាជាប្រភេទបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ និងបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ ដោយពង្រីកពី ២គន្លង ទៅជា ៤គន្លង (២គន្លងទៅ ២គន្លងមក) និងមានសួនពុះទ្រូងផ្លូវប្រវែង ១,៥ម៉ែត្រ។ គម្រោងនេះក៏រួមបញ្ចូលទាំងការសាងសង់ស្ពានថ្មីចំនួន ៧កន្លែង និងពង្រីកស្ពានចាស់ចំនួន ១កន្លែងផងដែរ។
គម្រោងនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន ដោយប្រើប្រាស់រយៈពេលសាងសង់ ២៧ខែ និងបានបញ្ចប់ការដ្ឋានទាំងស្រុងកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដែលលឿនជាងផែនការកំណត់រហូតដល់ ១៥ខែ។ ថវិកាសរុបដែលបានចំណាយមានចំនួនជាង ១១៧លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងការបោសសម្អាតមីន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ផ្លូវជាតិលេខ៧ គឺជាខ្សែផ្លូវយុទ្ធសាស្ត្រដែលតភ្ជាប់ជាមួយបណ្តាញផ្លូវសំខាន់ៗជាច្រើនដូចជា៖ ផ្លូវជាតិលេខ៦ (ឆ្ពោះទៅភ្នំពេញ កំពង់ធំ សៀមរាប) ផ្លូវជាតិលេខ៦០ ផ្លូវជាតិលេខ៧០ ផ្លូវជាតិលេខ៧១ និងផ្លូវខេត្តលេខ ២២២, ២២៣ ឆ្ពោះទៅកាន់ស្រុកនានាក្នុងខេត្តកំពង់ចាម និងតភ្ជាប់ទៅកាន់តំបន់ភូមិភាគឦសាន។
ការប្រែក្លាយខ្សែផ្លូវនេះឱ្យទៅជាផ្លូវដ៏រឹងមាំ និងធំទូលាយ នឹងជួយសម្រួលយ៉ាងខ្លាំងដល់ការធ្វើដំណើរ ការដឹកជញ្ជូនកសិផល និងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម នៅខេត្តកំពង់ចាម ក៏ដូចជាបណ្តាខេត្តជាប់ព្រំប្រទល់។ បន្ថែមពីនេះ វាក៏ជួយជំរុញវិស័យទេសចរណ៍ក្នុងខេត្តកំពង់ចាម ដែលសម្បូរទៅដោយប្រាសាទបុរាណ និងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រផងដែរ។
តាមរយៈសមិទ្ធផលនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញក្តីជឿជាក់យ៉ាងមុតមាំថា ក្នុងរយៈពេល ៥ ទៅ ១០ឆ្នាំខាងមុខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវនេះ នឹងកាន់តែរីកចម្រើន និងមានជម្រើសកាន់តែប្រសើរក្នុងការធ្វើដំណើរ៕
ដោយ៖វណ្ណលុក
រូបភាព៖វេង លឹមហួត ,សួង ពិសិដ្ឋ

















