កម្ពុជា ប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវយុទ្ធសាស្ត្រការទូតបរិស្ថាន ឆ្នាំ២០២៦–២០៣០

កម្ពុជា ប្រកាសដាក់ឱ្យប្រើជាផ្លូវការនូវយុទ្ធសាស្ត្រការទូតបរិស្ថាន សម្រាប់រយៈពេល៤ឆ្នាំទៅមុខទៀត ដើម្បីរួមចំណែកលើកស្ទួយការអភិវឌ្ឍសេដ្ឋកិច្ច ដោយរអភិរក្សប្រព័ន្ធអេកូឡូស៊ី។

«យុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជា ឆ្នាំ២០២៦–២០៣០» ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង​ សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តម អ៊ាង សុផល្លែត បានមានប្រសាសន៍ថា ការដាក់ចេញយុទ្ធសាស្ត្រនេះ ធ្វើឡើងចំពេលដែលពិភពលោកកំពុងប្រឈមមុខនឹងភាពស្មុគស្មាញ និងវិបត្តិបរិស្ថាន ដែលទាមទារឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែជិតស្និទ្ធ ការពង្រឹងទំនុកចិត្តឱ្យកាន់តែរឹងមាំ និងការរួមសកម្មភាពជាសមូហភាពកាន់តែខ្លាំងក្លាឡើង រវាងប្រជាជាតិទាំងអស់។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបន្ថែមថា ការទូតបរិស្ថានដើរតួជាស្ពានចម្លងដ៏សំខាន់ដែលតភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងប្រព័ន្ធអេកូឡូស៊ី។

សូមបញ្ជាក់ថា យុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជានេះបានកំណត់នូវសសរស្តម្ភយុទ្ធសាស្ត្រចំនួនបី ក្នុងនោះ ទី១ គឺការដោះស្រាយការប្រែប្រួលអាកាសធាតុ តាមរយៈការកាត់បន្ថយ ការបន្ស៊ាំ និងអភិបាលកិច្ច។ ការងារនេះផ្តោតលើការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ តាមរយៈការការពារព្រៃឈើ ការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលស្អាត ការលើកកម្ពស់កសិកម្មឆ្លាតវៃអាកាសធាតុ​ និងការទាក់ទាញការវិនិយោគបៃតង។

យុទ្ធសាស្ត្រនេះ ក៏សង្កត់ធ្ងន់លើការកសាងភាពធន់ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការត្រៀមលក្ខណៈរបស់សហគមន៍ ការពង្រឹងក្របខ័ណ្ឌស្ថាប័ន និងភាពជាដៃគូរវាងរដ្ឋនិងឯកជន ព្រមទាំងការកៀរគរហិរញ្ញប្បទានអាកាសធាតុ។

សរសរស្តម្ភមួយទៀត គឺការលើកកម្ពស់ការអភិរក្សអេកូឡូស៊ី តាមរយៈការការពារជីវៈចម្រុះ ការស្តារព្រៃឈើ និងការគាំទ្រដល់ជីវភាពរស់នៅរបស់សហគមន៍។ សសរស្តម្ភនេះ មានគោលបំណងការពារប្រព័ន្ធអេកូឡូស៊ីធម្មជាតិរបស់កម្ពុជា ដោយការពង្រឹងការអនុវត្តច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ការសហការជាមួយភាគីពាក់ព័ន្ធសំខាន់ៗ និងការផ្តល់ធនធានសម្រាប់ការអភិរក្ស។

ការងារនេះក៏ផ្តោតលើការស្តារព្រៃឈើយ៉ាងសកម្ម ជាមួយការបង្កើតថ្នាលបណ្តុះកូនឈើ និងការដាំដើមឈើឡើងវិញ ព្រមទាំងការលើកកម្ពស់ជីវភាពរស់នៅប្រកបដោយចីរភាពរបស់សហគមន៍ តាមរយៈគោលដៅលម្លែបៃតង និងការគ្រប់គ្រងធនធានធម្មជាតិ។

សសរស្តម្ភទី៣ចុងក្រោយនៃយុទ្ធសាស្ត្រការទូតបរិស្ថានកម្ពុជា គឺការការពារបរិស្ថាន តាមរយៈខ្យល់ ដី និងទឹក។ សសរស្តម្ភនេះដោះស្រាយការគ្រប់គ្រងការបំពុលនានា ដោយការពង្រឹងបទប្បញ្ញត្តិ និងការអនុវត្តច្បាប់ ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការជំរុញការប្រើប្រាស់ថាមពលស្អាត ក៏ដូចជាមធ្យោបាយដឹកជញ្ជូនស្អាត។

ការងារនេះក៏ផ្តោតលើការកែលម្អប្រព្រឹត្តិកម្មទឹកកខ្វក់ ការគ្រប់គ្រងការហូរច្រោះពីដីកសិកម្ម និងការបង្កើនការអប់រំសាធារណៈអំពីការបំពុលទឹក។ បន្ថែមលើនេះ យុទ្ធសាស្ត្រ នេះមានគោលបំណងកែលម្អការគ្រប់គ្រងសំណល់ តាមរយៈការពង្រឹងប្រព័ន្ធប្រមូល និងទីលានចាក់សំរាម ការលើកកម្ពស់ការកែច្នៃឡើងវិញ និងការអភិវឌ្ឍដំណោះស្រាយបំប្លែងកាកសំណល់ទៅជាថាមពល៕

ដោយ៖ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner