បិទទីលានសំរាមនៅស្ទឹងហាវ ក្រោយលេចធ្លាយសំណល់ពុលបំពុលប្រភពទឹក
ព្រះសីហនុ៖ក្រសួងបរិស្ថានបានប្រកាសបិទជាបន្ទាន់នូវទីលានចាក់សំរាមមួយកន្លែង នៅក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បន្ទាប់ពីរក ឃើញថា ទីតាំងនេះបានលេចធ្លាយសំណល់រាវឧស្សាហកម្ម ចូលទៅក្នុងអូរធម្មជាតិ បណ្តាលឱ្យត្រីចិញ្ចឹមរបស់ប្រជាពលរដ្ឋ ងាប់ជាច្រើន។
កាលពីថ្ងៃអាទិត្យទី៥ ខែកក្កដា ក្រុមការងារអធិការកិច្ចនៃក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានខេត្តព្រះសីហនុ អាជ្ញាធរមូលដ្ឋានស្រុកស្ទឹងហាវ រដ្ឋបាលឃុំកំពេញ បានចុះត្រួតពិនិត្យផ្ទាល់នូវទីលានចាក់សំរាមមួយកន្លែង បន្ទាប់ពីទទួលបណ្តឹងពីប្រជាពលរដ្ឋករណីត្រីចិញ្ចឹមងាប់ជាបន្តបន្ទាប់។
តាមការពិនិត្យជាក់ស្តែង មន្ត្រីជំនាញបានរកឃើញថា ទីលានទុកដាក់សំរាមដែលប្រតិបត្តិដោយក្រុមហ៊ុន មីណឺវ៉ា អ៊ិនវេសមិន (Mi Ner Va Investment Co., Ltd.) ពុំបានរៀបចំត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសបរិស្ថានឡើយ បណ្តាលឱ្យមានសំណល់រាវពុលលេចធ្លាយចូលទៅក្នុងអូរធម្មជាតិ។ ក្រុមការងារបានដកស្រង់សំណាកទឹក យកទៅវិភាគនៅក្នុងមន្ទីរពិសោធន៍ ដើម្បីពិនិត្យកម្រិតសារធាតុបំពុលបន្ថែម។
ដើម្បីទប់ស្កាត់ការខូចខាតកាន់តែធ្ងន់ធ្ងរ មន្ត្រីជំនាញបានចាត់វិធានការ ដោយបញ្ឈប់ការចាក់សំណល់គ្រប់ប្រភេទនៅទីតាំងនេះចាប់ពីពេលនេះតទៅ និងតម្រូវឱ្យបង្វែរការចាក់សំរាមទៅទីតាំងផ្សេងដែលមានច្បាប់អនុញ្ញាតត្រឹមត្រូវ។
ទន្ទឹមនឹងនេះ ក្រសួងបរិស្ថានក៏បានអនុវត្តវិធានការច្បាប់យ៉ាងតឹងរ៉ឹង ដោយបង្គាប់ឱ្យពិន័យអន្តរការណ៍ចំពោះក្រុមហ៊ុន មីណឺវ៉ា អ៊ិនវេសមិន ព្រមទាំងតម្រូវឱ្យក្រុមហ៊ុននេះចេញសងការខូចខាតទាំងស្រុង ទាំងផ្ទាល់និងប្រយោលជូនប្រជាពលរដ្ឋ ព្រមទាំងទទួលខុសត្រូវលើការស្តារបរិស្ថាននៅក្នុងតំបន់អូរធម្មជាតិនោះឡើងវិញផងដែរ៕
ដោយ៖ ង៉ាន់ ទិត្យ
រូបភាព៖ក្រសួងបរិស្ថាន






