ពលរដ្ឋខ្មែរស្លាប់និងរបួស៤៦នាក់ដោយសារបាតុភូតធម្មជាតិក្នុងរយៈពេល៦ខែដើមឆ្នាំនេះ

ក្នុងរយៈពេល៦ខែ ពោលចាប់ពីខែមករាដល់ខែមិថុនា ឆ្នាំ២០២៦នេះ ប្រជាពលរដ្ឋខ្មែរចំនួន៤៦នាក់បានបាត់បង់ជីវិត និងរងរបួស ដោយសារបាតុភូតធម្មជាតិខ្យល់កន្ត្រាក់ និងរន្ទះបាញ់នៅទូទាំងប្រទេសកម្ពុជា។ នេះបើយោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបណ្ដាញព័ត៌មាន AMS ទទួលបាននៅថ្ងៃអង្គារ ទី០៧ ខែកក្កដានេះ។

របាយការណ៍បានបញ្ជាក់លម្អិតថា គ្រោះមហន្តរាយរន្ទះបាញ់កើតឡើងចំនួន ២៨លើក បណ្ដាលឲ្យមនុស្សស្លាប់ ១៦នាក់ និងរបួស ១៨នាក់។ សត្វពាហនៈងាប់ចំនួន ៩ក្បាល ហើយលំនៅដ្ឋាន ៣ខ្នងបានខូចខាតយ៉ាងធ្ងន់ធ្ងរ។

ករណីរន្ទះបាញ់នេះមានការថយចុះចំនួន ៤០លើកបើប្រៀបធៀបនឹងឆមាសទី១ នៅឆ្នាំ២០២៥ ដែលបានកើតឡើងចំនួន ៦៨លើក សម្លាប់មនុស្សចំនួន ៣១នាក់ និងរបួសចំនួន ៥៣នាក់ សត្វពាហនៈងាប់ចំនួន ៧១ក្បាល និងលំនៅដ្ឋានខូចខាតចំនួន ១២ខ្នង។

ដោយឡែក បាតុភូតខ្យល់កន្រ្តាក់វិញបានកើតឡើងចំនួន ២២៨លើក បណ្ដាលឲ្យមនុស្សស្លាប់ ៣នាក់ និងរបួស ៩នាក់ ប៉ះពាល់លំនៅដ្ឋានជាង ៤ ៥០០ខ្នង ក្នុងនោះខូចខាតធ្ងន់ធ្ងរជិត ៥០០ខ្នង ហើយប៉ះពាល់សាលារៀនចំនួន ១៧៣អគារ មណ្ឌលសុខភាព ១កន្លែង វត្តអារាមចំនួន ៣ និងផ្សារចំនួន ៤តូប។

ខុសពីរន្ទះបាញ់ ករណីខ្យល់កន្រ្តាក់បានកើនឡើងចំនួន ៣៨លើកបើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២៥ ដែលកើតឡើងចំនួន ១៩០លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួស២៧នាក់ ព្រមទាំងប៉ះពាល់លំនៅដ្ឋាន សាលារៀន វត្តអារាម និងតូបក្នុងផ្សារជាច្រើនផងដែរ៕

សេង បារាំង AMS

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner