អាមេរិកវាយប្រហារដ៏ខ្លាំងលើអ៊ីរ៉ង់ ឆ្លើយតបនឹងការរំលោភបទឈប់បាញ់
អាមេរិក ៖ យោធាអាមេរិកបានអះអាងថា កាលពីថ្ងៃអង្គារ កងកម្លាំងរបស់ខ្លួន បានបើកការវាយប្រហារដ៏ខ្លាំងក្លា ប្រឆាំងនឹងអ៊ីរ៉ង់ ជាការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាចំនួន បី គ្រឿង នៅក្នុងច្រកសមុទ្រ ហ័រមូស ដោយទីក្រុងវ៉ាស៊ីនតោនចោទអ៊ីរ៉ង់ថា រំលោភបទឈប់បាញ់។
បញ្ជាការកណ្តាលសហរដ្ឋអាមេរិកបាននិយាយ នៅក្នុងសារមួយ លើបណ្តាញសង្គម X ថា «ការវាយប្រហាររបស់សហរដ្ឋអាមេរិក គឺជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ីរ៉ង់ លើនាវាពាណិជ្ជកម្មចំនួនបីគ្រឿង ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយនឹងដាក់បន្ទុកចំណាយយ៉ាងច្រើនសម្រាប់ការកំណត់គោលដៅ និងវាយប្រហារការដឹកជញ្ជូនពាណិជ្ជកម្ម»។
ប្រភពបានបន្ថែមថា «ការឈ្លានពានដែលបានបង្ហាញរបស់អ៊ីរ៉ង់ គឺមិនសមហេតុផល, ជាគ្រោះថ្នាក់ និងជាការរំលោភយ៉ាងច្បាស់លាស់ លើបទឈប់បាញ់»។
បើតាម AFP, បទឈប់បាញ់បានចូលជាធរមាន នៅថ្ងៃទី៨ ខែមេសា ប៉ុន្តែអំពើហិង្សាម្តងម្កាលបានបន្តនៅក្នុងតំបន់ឈូងសមុទ្រ រួមទាំង ការវាយប្រហារលើនាវា ដោយកងកម្លាំងរបស់ទីក្រុងតេហេរ៉ង់ និង ការវាយប្រហាររបស់សហរដ្ឋអាមេរិក លើអ៊ីរ៉ង់។
ការវាយប្រហារ នៅថ្ងៃអង្គារ គឺជាការវាយប្រហារលើកដំបូង ដោយកងកម្លាំងសហរដ្ឋអាមេរិកលើអ៊ីរ៉ង់ ចាប់តាំងពីការវាយប្រហារតាមអាកាស ជាបន្តបន្ទាប់ នៅចុងខែមុន ដែលទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ជាការឆ្លើយតបទៅនឹងការវាយប្រហារលើនាវាពាណិជ្ជកម្ម ដោយកងកម្លាំងរបស់ទីក្រុងតេហេរ៉ង់៕
ប្រភព ៖ AFP ប្រែសម្រួល ៖ សារ៉ាត
