អ៊ុយក្រែន ជំរុញ អឺរ៉ុប ពន្លឿនការផលិតសំណាញ់មេឃ
អង់ការ៉ា ៖ លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន បានអំពាវនាវឱ្យប្លុកអឺរ៉ុប ពន្លឿនការអភិវឌ្ឍ និងការផលិតប្រព័ន្ធការពារដែនអាកាសជាទ្រង់ទ្រាយធំ ដើម្បីឆ្លើយតបកំណើនតម្រូវការសំណាញ់មេឃ ប្រឆាំងនឹងការវាយប្រហារដោយមីស៊ីល ។
នៅក្នុងវេទិកាឧស្សាហកម្មការពារជាតិ នៃកិច្ចប្រជុំកំពូលណាតូ កាលពីថ្ងៃ អង្គារ មេដឹកនាំអ៊ុយក្រែនរូបនេះ បានជំរុញឱ្យប្រទេសសម្ព័ន្ធមិត្តពង្រីកកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ ពិសេសពន្លឿនការចែកចាយប្រព័ន្ធការពារដែនអាកាស ។
ឆ្លៀតឱកាសនោះ លោក ហ្សេឡេនស្គី បានសង្កត់ធ្ងន់អំពីតម្រូវការរបស់អឺរ៉ុប ក្នុងការបង្រឹងប្រព័ន្ធខែលការពារមីស៊ីលរបស់ខ្លួន ដោយលោកបាននិយាយថា អឺរ៉ុបត្រូវការសំណាញ់មេឃ និងមីស៊ីលប្រឆាំងកាំជ្រួចបាលីស្ទិកផ្ទាល់ខ្លួន ។
ប្រធានាធិបតីអ៊ុយក្រែនមានវ័យ៤៨ឆ្នាំរូបនេះ បានអះអាងទៀតថា អឺរ៉ុបត្រូវការប្រព័ន្ធប្រឆាំងមីស៊ីលលឿនជាងសំឡេង ដែលមានតម្លៃសមរម្យ និងផលិតបានច្រើនក្នុងពេលតែមួយ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ពោលគឺត្រូវមានចាប់ពីថ្ងៃនេះតែម្តង ។
ទន្ទឹមគ្នា លោក ហ្សេលេនស្គី បានប្រាប់សម្ព័ន្ធមិត្តណាតូច្បាស់ៗថា ឥឡូវនេះ អ៊ុយក្រេនបានក្លាយជាប្រភព នៃការពង្រឹងសមត្ថភាពការពារដ៏អស្ចារ្យ សម្រាប់សម្ព័ន្ធមិត្ត ។
បើតាម Anadolu, កិច្ចប្រជុំកំពូលណាតូឆ្នាំនេះ ធ្វើឡើងក្នុងទីក្រុងអង់ការ៉ា ប្រទេសតួកគី ក្នុងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៧ និង៨ ខែកក្កដា ។
មេដឹកនាំណាតូ ត្រូវបានរំពឹងថា នឹងពិភាក្សាអំពីការវិនិយោគលើវិស័យការពារជាតិ ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន និងកិច្ចខិតខំប្រឹងប្រែងពង្រីកមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់សម្ព័ន្ធភាពទាំងមូល ៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា


