ចិន ប្រកាសបន្តគាំទ្រការបោសសម្អាតមីន ដើម្បីជួយកម្ពុជាសម្រេចបានគោលដៅគ្មានមីនឱ្យបានឆាប់
ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានអះអាងថា ប្រទេសចិននឹងបន្តគាំទ្រយ៉ាងមុតមាំចំពោះប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា និងជួយកម្ពុជាសម្រេចបាននូវគោលដៅគ្មានមីនឱ្យបានឆាប់រហ័ស។
ការអះអាងនេះធ្វើឡើងបន្ទាប់ពីបានចូលរួមពិធីបិទបញ្ចប់គម្រោងសហប្រតិបត្តិការបោសសម្អាតមីនឡានឆាង-មេគង្គ នៅខេត្តស្វាយរៀងជាមួយឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះ។
បើតាមឯកឧត្តម Wang Wenbin ចាប់តាំងពីឆ្នាំ២០១៨មក ភាគីចិនបានជួយកម្ពុជាក្នុងការបោសសម្អាតមីន និងតំបន់ដែលរងការបំពុលដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ១៩០គីឡូម៉ែត្រការ៉េ ដោយបានរកឃើញនិងបំផ្លាញមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១០ម៉ឺ៤ពាន់គ្រាប់ ដែលផ្តល់អត្ថប្រយោជន៍ទៅដល់មនុស្សជាង ១លាន ៤សែននាក់។
ដោយឡែក ឧត្តម លី ធុជ បានមានប្រសាសន៍ថា គម្រោងសហប្រតិបត្តិការបោសសម្អាតមីន ឡានឆាង-មេគង្គនេះ បានជួយបោសសម្អាតផ្ទៃដីរងផលប៉ះពាល់ជាង ៣លានម៉ែត្រការ៉េ ដើម្បីប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់ និងបង្កបង្កើនផលដោយសុវត្ថិភាព។ គម្រោងនេះបានរួមចំណែកការពារអាយុជីវិតប្រជាពលរដ្ឋ លើកកម្ពស់ការយល់ដឹងអំពីហានិភ័យគ្រាប់មីន និងកសាងបរិយាកាសរស់នៅប្រកបដោយសុវត្ថិភាពសម្រាប់សហគមន៍។
ជាងនេះទៀត អនុប្រធានទី១នៃអាជ្ញាធរមីនបានគូសបញ្ជាក់ថា ការគាំទ្រជាបន្តបន្ទាប់របស់ប្រទេសចិន មិនត្រឹមតែជាសក្ខីភាពនៃចំណងមិត្តភាពដែកថែប និងទំនាក់ទំនងជាប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករដ៏សំខាន់ក្នុងការពង្រឹងសន្តិភាព ជំរុញការអភិវឌ្ឍ និងកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនឱ្យកាន់តែរឹងមាំផងដែរ៕
សេង បារាំង AMS

