សម្តេចតេជោ ហ៊ុន សែន ជំរុញសន្តិសុខថាមពល និងបញ្ជាឱ្យរួមគ្នាការពារសត្វផ្សោតមេគង្គដាច់ខាត
ស្ទឹងត្រែង៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៅក្នុងខេត្តស្ទឹងត្រែង នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា គម្រោងវារីអគ្គិសនីសេសានក្រោម២ គឺជា «ឧស្សាហកម្មធុនធ្ងន់» ដ៏មានសារៈសំខាន់មិនអាចខ្វះបាន ក្នុងការធានាសន្តិសុខថាមពលជាតិ។
ជាមួយគ្នានេះ សម្តេចតេជោ ក៏បានដាក់បទបញ្ជាម៉ឺងម៉ាត់ឱ្យអភិបាលខេត្តស្ទឹងត្រែង និងខេត្តក្រចេះ សហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីការពារ និងអភិរក្សសត្វផ្សោតទន្លេមេគង្គឱ្យខានតែបាន។
នៅក្នុងពិធីសំណេះសំណាលដែលមានអ្នកចូលរួមជាង ៦០០នាក់ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីរបត់ប្រវត្តិសាស្ត្រនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដ៏ស្មុគស្មាញនៅភូមិភាគឦសាន ជាពិសេសការតភ្ជាប់ស្ពាន និងផ្លូវជាតិយុទ្ធសាស្ត្រ។
សម្តេចតេជោមានប្រសាសន៍ថា កាលពីអតីតកាល ពុំមាននរណានឹកស្មានថា ខេត្តស្ទឹងត្រែងនឹងមានស្ពានធំៗឆ្លងកាត់ទន្លេកុង និងទន្លេមេគង្គនោះឡើយ។ ប៉ុន្តែបច្ចុប្បន្ន ស្ពានយុទ្ធសាស្ត្រទាំងពីរ រួមជាមួយបណ្តាញផ្លូវជាតិឈានមុខ បានតភ្ជាប់ខេត្តស្ទឹងត្រែង ទៅកាន់ខេត្តរតនគិរី និងព្រះវិហារ យ៉ាងប្រទាក់ក្រឡា ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។
ទាក់ទិននឹងការផ្គត់ផ្គង់អគ្គិសនី សម្តេចតេជោប្រធានព្រឹទ្ធសភាបានលើកឡើងថា វារីអគ្គិសនីសេសានក្រោម២ ដែលស្ថិតនៅចំណុចប្រសព្វរវាងទន្លេសេសាន និងទន្លេស្រែពក មានអានុភាពផលិតថាមពលជាង ៤០០ មេហ្គាវ៉ាត់។ គម្រោងនេះបានក្លាយជាប្រភពថាមពលបៃតងដ៏ធំ សម្រាប់ផ្គត់ផ្គង់ទៅកាន់បណ្តាញជាតិទូទាំងប្រទេស និងជួយកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពលពីបរទេស។
កម្ពុជានៅតែបន្តដើរលើផ្លូវនយោបាយ “ជំហានគីង្គក់” ពោលគឺ “យឺត ប៉ុន្តែមិនថយក្រោយ” ដើម្បីធានាស្ថិរភាពសេដ្ឋកិច្ច និងការលូតលាស់ប្រកបដោយចីរភាព។ នេះជាការសង្កត់ធ្ងន់របស់សម្តេចតេជោ ហ៊ុន សែន។
ក្រៅពីការសម្លឹងមើលលើការអភិវឌ្ឍសេដ្ឋកិច្ច សម្តេចតេជោក៏បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅកាន់អភិបាលខេត្តស្ទឹងត្រែង និងអភិបាលខេត្តក្រចេះ ឱ្យមើលការខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រងបរិស្ថានទឹក និងទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ ដើម្បីជំរុញឱ្យមានកំណើនសត្វផ្សោតឡើងវិញ។
សម្តេចតេជោបានបញ្ជាក់បន្ថែមថា៖ «សត្វផ្សោតមេគង្គមិនត្រឹមតែជាដួងព្រលឹងនៃទន្លេមេគង្គទេ ប៉ុន្តែវាជាទ្រព្យសម្បត្តិធម្មជាតិ និងជាមេដែកទាក់ទាញទេសចរណ៍ដ៏សំខាន់បំផុតរបស់កម្ពុជា»។
គួររំលឹកផងដែរថា ខេត្តស្ទឹងត្រែង គឺជាគោលដៅទី២២ ហើយ ក្នុងបេសកកម្ម «ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន» របស់សម្តេចតេជោ ហ៊ុន សែន ដែលបានចាប់ផ្តើមកាលពីចុងខែខែមេសា ឆ្នាំ២០២៦ កន្លងទៅ សំដៅជួបសំណេះសំណាល និងដោះស្រាយបញ្ហាប្រឈមផ្ទាល់ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋនៅតាមបណ្តារាជធានី-ខេត្ត។ ដោយឡែក កាលពីថ្ងៃទី៨ ខែកក្កដា ម្សិលមិញនេះ សម្តេចតេជោទើបតែបានបញ្ចប់បេសកកម្មនៅខេត្តរតនគិរី ដែលជាខេត្តគោលដៅទី២១ បន្ទាប់ពីខេត្តក្រចេះ៕
ដោយ៖ ឡុង សំបូរ និង ស៊ូ វណ្ណលុក



















