ក្រុមពន្លត់អគ្គិភ័យកម្ពុជា អាចបាញ់ទឹកត្រឹមអគារកម្ពស់៤៥ម៉ែត្រ បើឆេះខ្ពស់ជាងនេះគឺពឹងលើប្រព័ន្ធសុវត្ថិភាពក្នុងអគារ
ហេតុការណ៍អគ្គិភ័យឆាបឆេះនៅអគារខុនដូកម្ពស់ជាង ៤០ ជាន់ ក្នុងខណ្ឌជ្រោយចង្វារ កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ បានបង្ហាញពីបញ្ហាប្រឈមមួយនៃសមត្ថភាពពន្លត់អគ្គិភ័យនៅកម្ពុជា ខណៈកម្លាំងជំនាញទទួលស្គាល់ថា រថយន្តពន្លត់អគ្គិភ័យអាចបាញ់ទឹកពីខាងក្រៅបានត្រឹមអគារ ដែលមានកម្ពស់ប្រហែល ៤៥ម៉ែត្រប៉ុណ្ណោះ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ AMS នៅថ្ងៃទី១០ ខែកក្កដា ថា សមត្ថភាពរបស់ក្រុមពន្លត់អគ្គីភ័យកម្ពុជានាពេលបច្ចុប្បន្ន អាចបាញ់ទឹកជួយអន្តរាគមន៍ពីខាងក្រៅបានត្រឹមកម្ពស់ប្រមាណ ៤៥ម៉ែត្រ ឬប្រហែលជាន់ទី១២ ដល់ទី១៥ប៉ុណ្ណោះ។
ចំពោះអគារខ្ពស់ជាងនេះ កម្លាំងជំនាញមិនអាចប្រើរថយន្តបាញ់ទឹកពីខាងក្រៅបានទេ ប៉ុន្តែត្រូវអនុវត្តវិធានការសង្គ្រោះ និងពន្លត់តាមបច្ចេកទេសផ្សេងៗទៀត ដោយពឹងផ្អែកលើប្រព័ន្ធសុវត្ថិភាពមានស្រាប់ក្នុងអគារ។
ការបញ្ជាក់នេះធ្វើឡើងបន្ទាប់ពីអគ្គិភ័យបានឆាបឆេះនៅជាន់ទី៤៣ នៃអគារ WEALTH MANSION ដែលកំពុងសាងសង់ នៅខណ្ឌជ្រោយចង្វាយ រាជធានីភ្នំពេញ។ ទោះបីមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងចេញអន្តរាគមន៍ក៏ដោយ ក៏មិនអាចបាញ់ទឹកទៅដល់កន្លែងកើតហេតុបានឡើយ ដោយសារអគារមានកម្ពស់ខ្ពស់ហួសសមត្ថភាពរបស់ឧបករណ៍។
លោក ព្រហ្ម យ៉ន បានពន្យល់ថា សូម្បីតែប្រទេសអភិវឌ្ឍន៍ដែលមានអគារកម្ពស់ជិត ១០០ ម៉ែត្រ ឬខ្ពស់ជាងនេះ ក៏មិនអាចពឹងផ្អែកលើការបាញ់ទឹកពីរថយន្តពន្លត់អគ្គិភ័យនោះដែរ។ អគារទាំងអស់ត្រូវបានកំណត់ស្តង់ដារសុវត្ថិភាព ដោយមានប្រព័ន្ធការពារ និងពន្លត់អគ្គីភ័យត្រឹមត្រូវ។
ក្នុងករណីអគ្គិភ័យនៅ WEALTH MANSION វិញ កម្លាំងជំនាញបានឡើងទៅកាន់ជាន់ខាងលើ ដើម្បីធ្វើអន្តរាគមន៍ដោយផ្ទាល់ និងប្រើប្រាស់ប្រព័ន្ធទឹករបស់អគាររួមជាមួយឧបករណ៍ពន្លត់អគ្គិភ័យដែលម្ចាស់អគារបានបំពាក់ ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ក្រោយអគ្គិភ័យឆាបឆេះអស់រយៈពេលជិតមួយម៉ោង។
តាមការស៊ើបអង្កេតរបស់សមត្ថកិច្ច មូលហេតុនៃអគ្គិភ័យនេះ គឺបណ្តាលមកពីផ្កាភ្លើងខ្ទាតចេញពីការងារផ្សារដែក នៅពេលក្រុមជាងកំពុងសាងសង់កន្លែងស្ទីម និងកន្លែងកម្សាន្តលើដំបូលអគារ។ អគ្គិភ័យបានបំផ្លាញសម្ភារៈមួយចំនួន តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ។
ហេតុការណ៍នេះក៏បានឆ្លុះបញ្ចាំងពីបញ្ហា ដែលកម្ពុជាត្រូវប្រឈម ខណៈអគារខ្ពស់ៗកំពុងកើនឡើងជាបន្តបន្ទាប់។ ដូច្នេះ ការបំពាក់ប្រព័ន្ធការពារ និងពន្លត់អគ្គិភ័យតាមស្តង់ដារនៅក្នុងអគារខ្ពស់ៗ គឺជាកត្តាសំខាន់បំផុត ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ និងកាត់បន្ថយការខូចខាតនៅពេលមានអគ្គិភ័យកើតឡើង៕







ដោយ៖ម៉ាដេប៉ូ