ឯកឧត្ដម រដ្ឋមន្ត្រី ជា វ៉ាន់ដេត ចូលរួមវេទិកាកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន និងកិច្ចប្រជុំកំពូល ពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិត សម្រាប់ មនុស្សជាតិ និងជួបជាមួយតំណាងប្រទេសដែលចូលរួម
ហ្សឺណែវ៖ នាថ្ងៃទី ៨និងទី៩ ខែកក្កដា ឆ្នាំ ២០២៦ តំណាងបណ្ដាប្រទេស និងអង្គការ អន្តរជាតិបានបន្តទៅចូលរួមវេទិកាកិច្ចប្រជុំកំពូលពិភពលោកស្ដីពីសង្គមព័ត៌មាន (WSIS) ឆ្នាំ២០២៦ និងកិច្ចប្រជុំកំពូលពិភពលោកស្ដីពីបញ្ញាសិប្បនិម្មិត សម្រាប់ មនុស្សជាតិ។ តាមរយៈវេទិកា និងកិច្ចប្រជុំនេះ បណ្ដាប្រទេស និងស្ថាប័នទទួលបន្ទុកបានបន្តជំរុញកិច្ចការតភ្ជាប់ឌីជីថល និងបរិវត្តកម្មឌីជីថល តាមវិស័យព្រមទាំងរួមគ្នាអនុវត្តកិច្ចការសំខាន់ថ្មីៗ រួមមាន បញ្ញាសិប្បនិម្មិតនិងអភិបាលកិច្ចទិន្នន័យស្របតាមការសម្រេចរបស់មហាសន្និបាតអង្គការ សហប្រជាជាតិ កាលពីខែធ្នូ ឆ្នាំ២០២៥។
ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានចូលរួមពិធីបើកនៃវេទិកានេះ ដែលមានការចូលរួម ពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្ត្រី និង តំណាងប្រទេសនានា ព្រមទាំងអង្គការអន្តរជាតិជាច្រើនព្រមទាំងបានចូលរួម កិច្ចពិភាក្សា តុមូលចង្អៀត ថ្នាក់រដ្ឋមន្ត្រី (Closed-Door Ministerial Roundtable) និង ចូលរួមជាវាគ្មិនក្នុងកិច្ចពិភាក្សា ជាក្រុម (Leaders’ Talk) ដោយផ្ដោតលើបរិវត្តកម្មឌីជីថល ។ ឯកឧត្ដម រដ្ឋមន្ត្រីបានចែករំលែកបទពិសោធកម្ពុជាក្នុងការប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈឌីជីថល (Digital Public Infrastructure ឬ DPI) ដើម្បី ពន្លឿនបរិវត្តកម្មឌីជីថល ។ ខណៈបណ្ដាប្រទេសដែលបានអនុវត្តមុនកម្ពុជាត្រូវការពេល២០ទៅ៣០ឆ្នាំ ហើយលទ្ធផលអាចជោគជ័យខ្លះមិនជោគជ័យខ្លះ កម្មវិធី DG SuperApp និងថ្នាល verify.gov.kh ជាឃ្នាស់បច្ចេកវិទ្យា និងជាទ្រព្យរួមដែលជួយឱ្យក្រសួងស្ថាប័ននិង វិស័យឯកជនអាចធ្វើឌីជីថលូបនីយកម្ម សេវារបស់ខ្លួនបានយ៉ាងឆាប់រហ័ស និងដោយមានសុវត្ថិភាព។ ការណ៍នេះ មិនត្រឹមតែធ្វើឱ្យសេវាសាធារណៈងាយរក និងងាយប្រើប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចកាត់បន្ថយរយៈពេល បរិវត្តកម្មឌីជីថល មកនៅត្រឹមប្រមាណ៥ឆ្នាំ និងមានអត្រាជោគជ័យខ្ពស់។
ឯកឧត្ដមរដ្ឋមន្ត្រីក៏បានឆ្លៀតពេលបន្តជួបពិភាក្សាទ្វេភាគី ជាមួយបណ្ដារដ្ឋមន្ត្រីឌីជីថល រួមមាន (១)ឯកឧត្ដមរដ្ឋមន្ត្រី Raafat Hendy នៃប្រទេសអេហ្ស៊ីប និងជាប្រធានប្ដូរវេននៃ វេទិកា WSIS ឆ្នាំ២០២៦ (២) លោកជំទាវរដ្ឋមន្ត្រី Liisa-Ly Pakosta នៃប្រទេសអេស្តូនី និង (៣) លោកជំទាវរដ្ឋមន្ត្រី Shaza Fatima Khawaja នៃប្រទេសប៉ាគីស្ថាន (៤) លោកជំទាវរដ្ឋមន្ត្រី Paula Ingabire នៃប្រទេសរវ៉ាន់ដា (៥) ឯកឧត្ដមរដ្ឋមន្ត្រី Joseph Pierr-Louis នៃប្រទេសហៃទី និង (៦) លោកជំទាវរដ្ឋមន្ត្រី Amal Seghrouchni នៃប្រទេសម៉ារុក។ ឯកឧត្ដម និងសមភាគីបានផ្លាស់ប្ដូរយោបល់ដោយភាពស្និទ្ធស្នាល និងស្វែងរកលទ្ធភាព គាំទ្រគ្នាទៅវិញទៅមកក្នុងដំណើរបរិវត្តកម្មឌីជីថល។ ទន្ទឹមនឹងនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានអញ្ជើញសមភាគីពីប្រទេសសមាជិកអង្គការ ហ្វ្រង់កូហ្វូនីចូលរួមកម្មវិធី Francotech នៅកម្ពុជាក្នុងខែវិច្ឆិកាខាងមុខនេះ។ ចុងក្រោយ ឯកឧត្ដមរដ្ឋមន្ត្រីបានទទួលជួបជាមួយ លោកស្រី Ingrid Hoven អភិបាលនៃក្រុមប្រឹក្សាភិបាលអង្គការ GIZ ដើម្បីពិនិត្យ លទ្ធភាពបន្តកិច្ចសហការ៕
ដោយ៖ង៉ាន់ ទិត្យ








