ក្រសួងរ៉ែប្រកាសមូលនិធិ ៥,៧លានដុល្លារ សម្រាប់ជួយអភិវឌ្ឍមូលដ្ឋាននៅឆ្នាំ២០២៦
ក្រសួងរ៉ែនិងថាមពល បានប្រកាសព័ត៌មានលម្អិត អំពីមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន និងការប្រើប្រាស់មូលនិធិរ៉ែ ក្នុងការរួមចំណែកអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន តាមរយៈការស្នើសុំគម្រោងអភិវឌ្ឍពីរដ្ឋបាលឃុំ សង្កាត់។
ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៥ ក្រសួងរ៉ែនិងថាមពលបានអនុម័តឱ្យប្រើប្រាស់មូលនិធិ លើគម្រោងចំនួន១៤៤ មានថវិកាសរុបជិត ១០លានដុល្លារអាម៉េរិក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ស្តីពីការអនុវត្តគម្រោងមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋានឆ្នាំ២០២៦ ចេញផ្សាយកាលពីថ្ងៃទី១០កក្កដាកន្លងទៅ។
ក្រសួងបញ្ជាក់ថា ក្នុងការធ្វើអាជីវកម្មរ៉ែ ក្រុមហ៊ុននិងអាជីវករទាំងអស់ត្រូវមានកាតព្វកិច្ចបង់ជូនរដ្ឋ នូវសួយសាររ៉ែ និងកាតព្វកិច្ចហិរញ្ញវត្ថុផ្សេងទៀត តាមការកំណត់ក្នុងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន។ បន្ថែមលើកាតព្វកិច្ចនេះ ក្រុមហ៊ុន អាជីវករ ត្រូវបង់មូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ដែលក្រសួងរ៉ែនិងថាមពលបានបង្កើតឡើងពីឆ្នាំ២០១៥ ក្នុងគោលបំណងរួមចំណែកជួយអភិវឌ្ឍឃុំ សង្កាត់ ដែលមានការដ្ឋានរ៉ែស្ថិតនៅ។ ថវិកាដែលបង់ចូលមូលនិធិនេះ គឺត្រូវសមាមាត្រទៅនឹងទំហំផលិតកម្មរ៉ែ ដែលក្រុមហ៊ុនអាជីវករបានធ្វើអាជីវកម្មរ៉ែ។
មូលនិធិរ៉ែ ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ក្នុងតំបន់សហគមន៍មូលដ្ឋានដែលមានការដ្ឋានរ៉ែស្ថិតនៅ និងអាចប្រើប្រាស់បានក្នុងតំបន់ជិតខាងនៃការដ្ឋានរ៉ែនោះ តាមរយៈការស្នើសុំដោយផ្ទាល់ពីរដ្ឋបាលឃុំ សង្កាត់ ដែលមានការដ្ឋានរ៉ែស្ថិតនៅ។
ក្រសួងរ៉ែនិងថាមពលបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៦ ក្រសួងអនុម័តឱ្យប្រើប្រាស់មូលនិធិលើគម្រោងចំនួន៤៨ មានថវិកាសរុបជិត ៥លាន ៧សែនដុល្លារអាម៉េរិក តាមបណ្តាឃុំចំនួន៤៦ ក្នុងខេត្តចំនួន១០ ក្នុងនោះខេត្តកណ្តាលទទួលបានមូលនិធិច្រើនជាងគេ គឺរហូតដល់ជិត១លាន៤សែនដុល្លារសម្រាប់៩គម្រោង បន្ទាប់មកគឺខេត្តព្រែវែង ទទួលមូលនិធិជាង១លាន១សែនដុល្លាសម្រាប់៨គម្រោង និងកំពង់ស្ពឺទទួលបានជិត១លាន១សែនដុល្លាសម្រាប់៨គម្រោង។
ក្រសួងរ៉ែ និងថាមពលបញ្ជាក់ថា បន្ថែមលើការបង់មូលនិធិរ៉ែនេះ ក្រុមហ៊ុន អាជីវកររ៉ែ ក៏បានជួយរួមចំណែកដោយផ្ទាល់ក្នុងការអភិវឌ្ឍមូលដ្ឋាន តាមរយៈការជួយសាងសង់ផ្លូវ សាលារៀន អណ្តូងទឹក។ល។ នៅក្នុងឃុំ សង្កាត់ ដែលការដ្ឋានរ៉ែបានស្ថិតនៅ៕

