ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ កំពុងគូសវាសផែនទីបង្ហាញផ្លូវ ៤ឆ្នាំ ដើម្បីពង្រឹងគុណភាពបង្រៀននៅតាមសាលារដ្ឋ
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា បានបើកកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង «ផែនទីបង្ហាញផ្លូវ» ថ្មីមួយ ក្នុងគោលដៅលើកកម្ពស់គុណភាពសេវាបង្រៀន និងការគ្រប់គ្រងគ្រូបង្រៀននៅតាមគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស។
កិច្ចប្រជុំកម្រិតបច្ចេកទេស នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦នេះ ត្រូវបានធ្វើឡើងនៅសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ ព្រមទាំងមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
ឯកសារផែនទីបង្ហាញផ្លូវសម្រាប់ឆ្នាំ ២០២៦-២០២៩ នេះ ផ្តោតសំខាន់លើកម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា។ គោលដៅចម្បងនៃឯកសារនេះគឺការកែលម្អប្រព័ន្ធជ្រើសរើស និងចាត់ចែងគ្រូបង្រៀន ព្រមទាំងការពង្រឹងការបណ្តុះបណ្តាលសមត្ថភាពទាំងគ្រូបង្រៀន និងថ្នាក់ដឹកនាំសាលា។ ទន្ទឹមនឹងនេះ ក៏មានការយកចិត្តទុកដាក់លើការកែលម្អកម្មវិធីសិក្សា ដើម្បីធានាឱ្យការផ្តល់សេវាអប់រំមានតម្លាភាព គុណភាព សមធម៌ និងឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់សាលារដ្ឋ។
តាមរយៈកិច្ចប្រជុំនេះ អង្គប្រជុំបានប្រមូលធាតុចូល និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងស៊ីជម្រៅ ដើម្បីធានាថាឯកសារនេះមានភាពគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។ គួររំលឹកផងដែរថា គំនួចផ្តើមគំនិតនេះគឺស្របទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាព ដើម្បីអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែមានសក្តានុពល៕
ដោយ៖ង៉ាន់ ទិត្យ








