សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី

ភ្នំពេញ៖ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជា​ណា​ចក្រកម្ពុជា អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី បានប្រកាសគាំទ្រពេញទំហឹងចំពោះជំហររបស់កម្ពុជា ក្នុងការដោះស្រាយ​បញ្ហាព្រំដែន​ជាមួយភាគីថៃ ដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។ ជាមួយគ្នានេះ ភាគីទាំងពីរក៏បានប្តេជ្ញាពង្រឹងកិច្ច​សហប្រតិបត្តិការយោធាទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ជំនួបពិភាក្សាការងារនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ ឯកឧត្តមនាយឧត្តមសេនីយ៍ ដាតុ ស្រី ហាជី ម៉ាលេក រ៉ាសាក់ ប៊ីន ស៊ុឡាយម៉ាន (Tan Sri Dato’ Seri Haji Malek Razak bin Sulaiman) អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងនៅក្រោយជំនួបថា នៅក្នុងជំនួបនោះ សម្ដេចតេជោបានសម្ដែង​នូវការ​ស្វាគមន៍​យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះ ឯកឧត្តម Tan Sri ដែលត្រូវបានតែងតាំងជាអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី។ សម្ដេចតេជោបានចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាការរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព និងកិច្ចសហប្រតិ​បត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តមនាយឧត្ដមសេនីយ៍ Tan Sri បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អរវាងម៉ាឡេស៊ី និងកម្ពុជា ជាពិសេសក្នុងក្របខ័ណ្ឌយោធា។ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា មុននឹងចូលជួបសម្តែងការគួរសមនេះ ឯកឧត្តមបាន​ជជែកពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រសួងការពារជាតិកម្ពុជារួចមកហើយ ដើម្បីធ្វើយ៉ាងណាពង្រឹង និងពង្រីកបន្ថែម​ទៀតនូវកិច្ចការក្នុងវិស័យការពារជាតិទ្វេភាគី។

ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានចែករំលែកអំពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ដោយបញ្ជាក់ពីជំហរដាច់ខាត និងឥតងាករេ​របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហានេះដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ ជាមួយគ្នានោះ សម្តេចតេជោ​ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីម៉ាឡេស៊ី ដែលកាលធ្វើជាប្រធានអាស៊ាននាពេលកន្លងទៅ បានដើរតួនាទី​យ៉ាងសកម្មក្នុងការជួយរកដំណោះស្រាយជម្លោះព្រំដែននាពេលនោះ។

ក្រោយពីបានស្តាប់ការលើកឡើងរបស់សម្តេចតេជោ ឯកឧត្តមនាយឧត្តមសេនីយ៍ តាន់ស្រី (Tan Sri) បានសម្ដែង​ការកោត​សរសើរ និងគោរពបំផុតចំពោះបទពិសោធន៍ និងគតិបណ្ឌិតដឹកនាំរបស់សម្តេចតេជោ ដែលបានប្រែក្លាយកម្ពុជាពីប្រទេស​ដែលធ្លាប់រងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម មកជាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍដូចសព្វថ្ងៃ។

ឯកឧត្តមអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ក៏បានប្រកាសគាំទ្រពេញទំហឹងចំពោះជំហរសន្តិវិធី និងការគោរព​ច្បាប់អន្តរជាតិ​របស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ដើម្បីរក្សាស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ទាំងមូល៕

ដោយ៖ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner