អាមេរិកប្រកាសបិទបញ្ចប់ការវាយប្រហារជុំថ្មីលើអ៊ីរ៉ង់
អាមេរិក ៖ បញ្ជាការកណ្តាលសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ បានប្រកាសបិទបញ្ចប់ការវាយប្រហារជុំថ្មីលើអ៊ីរ៉ង់ ពោលគឺបន្ទាប់ពីកំណត់គោលដៅវាយលើទីតាំងយោធារាប់សិបកន្លែង របស់ទីក្រុងតេហេរ៉ង់។
បើតាម Anadolu, បញ្ជាការកណ្តាលសហរដ្ឋអាមេរិក ហៅកាត់ CENTCOM បានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា «ប្រតិបត្តិការបានបញ្ចប់ ដោយការវាយប្រហារ គោលដៅជាច្រើន រួមមាន ប្រព័ន្ធការពារដែនអាកាស, ទីតាំងរ៉ាដាឆ្នេរសមុទ្រ, សមត្ថភាពមីស៊ីល, យន្តហោះគ្មានមនុស្សបើក និង ទូកតូចៗ របស់អ៊ីរ៉ង់»។
CENTCOM បាននិយាយថា «Hormuz គឺជាច្រកសមុទ្រដ៏សំខាន់សម្រាប់ពាណិជ្ជកម្មសកល ដូច្នេះ អ៊ីរ៉ង់មិនអាចគ្រប់គ្រងទេ»។
បញ្ជាការបានបន្ថែមថា «កងកម្លាំងអាមេរិក ត្រូវបានដាក់ទីតាំង និងត្រៀមខ្លួនរួចជាស្រេច ដើម្បីធានាថា សេរីភាពនៃការធ្វើនាវាចរណ៍ នៅតែមាន សម្រាប់ការដឹកជញ្ជូនពាណិជ្ជកម្ម ទោះបីជាមានការឈ្លានពាន, ការយាយី, ការគំរាមកំហែង និង ការប្រកាសតាមអំពើចិត្ត របស់អ៊ីរ៉ង់ ក៏ដោយ»។
គូជម្លោះទាំងពីរ បានផ្ទុះអាវុធដាក់គ្នាជាថ្មី កាលពីសប្តាហ៍មុន ធ្វើឲ្យរង្គោះរង្គើដល់ MOU ប៉ុនប៉ងបញ្ចប់សង្គ្រាមមជ្ឈិមបូព៌ា។
អាមេរិកជាអ្នកដែលបានផ្តើមមុន ដោយចោទថា អ៊ីរ៉ង់ បាញ់លើនាវាពាណិជ្ជកម្ម នៅលើផ្លូវទឹក ជាអ្វីដែលអ៊ីរ៉ង់មិនទទួលស្គាល់។ ប៉ុន្តែ ទីក្រុងតេហេរ៉ង់ បានវាយប្រហារ លើទីតាំងយោធាអាមេរិកនានា នៅបណ្តារដ្ឋឈូងសមុទ្រ ដើម្បីទុកជាការសងសឹក៕
ប្រភព ៖ Anadolu ប្រែសម្រួល ៖ សារ៉ាត
