យុទ្ធនាការ «ពន្លកបៃតង» ក្រសួងបរិស្ថានបន្តចែកកូនឈើចម្រុះជូនពលរដ្ឋជាងមួយលានដើម
ភ្នំពេញ៖ ក្រសួងបរិស្ថានបានប្រកាសពីសមិទ្ធផលដ៏ត្រចះត្រចង់ ក្នុងការបន្តជំរុញយុទ្ធនាការបង្កើនគម្របបៃតងនៅកម្ពុជា។ ជាក់ស្តែង ក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» រយៈពេល ៤ថ្ងៃ នៅរាជធានីភ្នំពេញ ក្រសួងបរិស្ថានបាន ចែកកូនឈើចម្រុះដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋបានរហូតដល់ជាង ១លានដើម ព្រមទាំងទទួលបានការគាំទ្រយ៉ាងធំធេង។
ចាប់តាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ រហូតមកទល់ពេលបច្ចុប្បន្ន ក្រសួងបរិស្ថានបានចែកកូនឈើជូនសាធារណជនយកទៅដាំតាមលំនៅឋាន សហគមន៍ និងដាំស្តារព្រៃឈើនៅទូទាំងប្រទេស បានសរុបប្រមាណ ៥,៣ លានដើមហើយ ដើម្បីរួមចំណែកដល់ការអភិរក្សធនធានធម្មជាតិ និងការរស់នៅប្រកបដោយចីរភាព។
ដោយឡែក នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ «ពន្លកបៃតង» លើកទី៣ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ម្សិលមិញនេះ ក្រសួងបរិស្ថានបានចែកកូនឈើចម្រុះអស់ចំនួន ១,២លានដើម បន្ថែមទៀត។ អ្វីដែលជាការកត់សម្គាល់ ព្រឹត្តិការណ៍ដ៏ធំនេះ ក៏មានការរួមបញ្ចូលទាំងការប្រកាសយុទ្ធនាការ «ដាំដើមត្នោតមួយលានដើម» នៅមុខទីស្តីការក្រសួងបរិស្ថាន មានអ្នកចូលរួមយ៉ាងច្រើនកុះករ។
មានប្រសាសន៍នៅក្នុងពិធីនោះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ពិព័រណ៍ «ពន្លកបៃតង» មិនត្រឹមតែជាពិធីចែកកូនឈើប៉ុណ្ណោះទេ ប៉ុន្តែជាការចាប់ផ្តើមរួមគ្នាជាចលនាជាតិមួយ ក្នុងការលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីការពារ និងស្ដារធនធានធម្មជាតិ ដែលជានិមិត្តរូបនៃក្តីសង្ឃឹម ការទទួលខុសត្រូវ សម្រាប់កម្ពុជាបៃតង ស្អាត និងប្រកបដោយចីរភាព។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធ និងជំរុញឱ្យសាធារណជនបន្តដាំ និងថែទាំដើមឈើឱ្យបានលូតលាស់ល្អ ធ្វើយ៉ាងណាឱ្យកម្ពុជាសម្រេចបាននូវអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។ឯកឧត្តមបានប្រកាសថា ក្រសួងបរិស្ថាននឹងបន្តរៀបចំពិព័រណ៍ «ពន្លកបៃតង» លើកទី៤ នៅឆ្នាំក្រោយៗទៀត ដើម្បីបើកឱកាសឱ្យប្រជាពលរដ្ឋខ្មែរចូលរួមបានគ្រប់ៗគ្នា។
ដោយ៖ ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា










