ជនជាតិជប៉ុនជូនដី ៣ហិកតា ទៅរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើសួន

រដ្ឋបាលរាជធានីភ្នំពេញ នឹងកែលំអដីទំហំ៣ហិកតា ដែលទទួលបានពីជនជាតិជប៉ុន សម្រាប់ឱ្យប្រជាពលរដ្ឋបានមកដើរលេងកំសាន្ត និងហាត់ប្រាណ ដើម្បីសុខភាព។

សួនដើមឈើមួយកន្លែងស្ថិតនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ដែលរដ្ឋបាលរាជធានីភ្នំពេញ ទទួលបានពីជនជាតិជប៉ុន គ្រោងនឹងកែលំអឡើងវិញ សម្រាប់ឱ្យប្រជាពលរដ្ឋបានមកដើរលេងកម្សាន្ត និងហាត់ប្រាណ ដើម្បីសុខភាព។

ដើម្បីឱ្យគម្រោងនេះលេញចេញជារូបរាងឆាប់ៗ នារសៀលថ្ងៃទី១៣ ខែកក្ដដា២០២៦ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យផ្ទាល់ និងបានណែនាំឱ្យកែលម្អ ទាំងការដាំដើមឈើបន្ថែម និងកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា ទីតាំងខាងលើនេះត្រូវរៀបចំឱ្យបានស្អាត ដោយដើមឈើបន្ថែមខ្លះ ព្រមទាំងកែលម្អបន្ទប់ទឹកឡើងវិញ ហើយត្រូវរៀបចំឱ្យមានធុងសំរាម និងបង់អង្គុយលេងផងដែរ។ ចំពោះប្រឡាយទឹកដែលមានស្រាប់ ត្រូវលែងត្រីគល់រាំង ត្រីរាជ និងត្រីមួយចំនួនទៀត។ បន្ថែមពីនេះ ផ្លូវចូលដែលអមដោយដើមឈើធំៗស្រាប់ ត្រូវចាក់ជាផ្លូវបេតុងទទឹង ៨ម៉ែត្រ។

គម្រោងនេះអាចនឹងរួចរាល់នៅដំណាច់ឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧។ ក្រោយកែលម្អឡើងវិញរួចរាល់ រដ្ឋបាលរាជធានីភ្នំពេញនឹងសម្ពោធដាក់ជូនបងប្អូនប្រជាពលរដ្ឋបានចូលមកដើរលេងកម្សាន្ត និងហាត់ប្រាណ ដើម្បីសុខភាព។

គួរបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញទទួលបានសួនដើមឈើខាងលើ ពីលោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) ភរិយារបស់លោក កូជិ កាន់ហ្សាគិ (KOJI KANZAKI) ជនជាតិជប៉ុន តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់ និងទទួល កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។ គ្រួសារជនជាតិជប៉ុននេះគឺជាអ្នកស្រឡាញ់ប្រទេសកម្ពុជា ហើយក៏ស្រឡាញ់ធម្មជាតិខ្លាំងដែរ៕

ads banner