រដ្ឋសភាសម្រេចបោះឆ្នោតគាំទ្រតែងតាំងឯកឧត្តម ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី
នៅព្រឹកថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០២៦នេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបន្តសម័យប្រជុំលើកទី៦ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងមានការអញ្ជើញ ចូលរួមផ្ទាល់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
សម័យប្រជុំរបស់រដ្ឋសភានាថ្ងៃអង្គារនេះ របៀបវារៈទី១ គឺការបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត លើការតែងតាំង បំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាចំនួន១រូប។តាមសំណើររបស់រាជរដ្ឋាភិបាល ស្នើសុំតែងតាំងឯកឧត្តម ប្រាក់ សំអឿន ជា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស។
បន្ទាប់ពីស្តាប់សេចក្តីថ្លែងហេតុ សម័យប្រជុំរដ្ឋសភាបានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង ឯកឧត្តម ប្រាក់ សំអឿន ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស ដោយសំឡេងគាំទ្រចំនួន ១០៨ សំឡេង នៃវត្តមានសមាជិករដ្ឋសភាចូលរួមប្រជុំ។
គួរបញ្ជាក់ថា ឯកឧត្តម ប្រាក់ សំអឿន ធ្លាប់បានកាន់តួនាទីជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី មុនពេលទទួលបានការទុកចិត្តជារបស់រដ្ឋសភានៅថ្ងៃនេះ។
បន្ទាប់ពីការបោះឆ្នោតរដ្ឋសភាបន្តពិភាក្សា និងអនុម័តលើរបៀបវារៈសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤ ផ្សេងទៀត ៕
ដោយ៖ស៊ូ វណ្ណលុក







