លោក ត្រាំ ប្រកាសឈានដល់ដំណាក់កាលទម្លាក់គ្រាប់បែកកម្ទេចភ្នំរបស់ អ៊ីរ៉ង់

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទ បានប្រកាសឈានដល់ការទម្លាក់គ្រាប់ កម្ទេចភ្នំ របស់ប្រទេសអ៊ីរ៉ង់ ដោយចោទថា ជាទីតាំងផលិតអាវុធនុយក្លេអ៊ែរ ។

ថ្លែងក្នុងបទសម្ភាសន៍ នៅក្នុងកម្មវិធី The Hugh Hewitt Show, លោក ត្រាំ ប្រកាសថា សហរដ្ឋអាមេរិកអាចនឹងវាយប្រហារភ្នំ Pickaxe នៅក្នុងប្រទេសអ៊ីរ៉ង់ នាពេលឆាប់ៗនេះ ដោយសារតែនៅទីនោះ មានរោងចក្រនុយក្លេអ៊ែរ រួមជាមួយសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម និងជាកំពែងរឹងមាំ ការពារផ្លូវរូងក្រោមដី ចំនួនពីរ ដែលកប់យ៉ាងជ្រៅ នៅក្នុងដី។

បើតាម The Hill, ភ្នំ Pickaxe បានរួចខ្លួនពីការកំណត់គោលដៅវាយប្រហារ ដោយយោធាសហរដ្ឋអាមេរិក ក្នុងខែមិថុនា ឆ្នាំ២០២៥ ។

យ៉ាងណា អ្នកជំនាញបានវាយតម្លៃថា គ្រាប់បែកអាមេរិកដែលធ្លាប់តែបំផ្លាញលេណដ្ឋានដ៏មានឥទ្ធិពលបំផុត ទំនងជាមិនអាចជ្រាបចូលដល់ជម្រៅដ៏ជ្រៅនៃទីកន្លែងនេះបានឡើយ ។

ផ្លូវរូងក្រោមភ្នំនេះ ត្រូវបានកប់រហូតដល់ ជម្រៅជាង ៦០០ ម៉ែត្រ នៅក្រោមថ្មក្រានីត ហើយត្រូវបានគេសង្ស័យថា មានសមត្ថភាពចម្រាញ់ និង ស្តុកទុកអ៊ុយរ៉ាញ៉ូម ។

ការគំរាមរបស់លោក ដូណាល់ ត្រាំ បានកើតមានឡើង ស្របពេលដែល បញ្ជាការកណ្តាលសហរដ្ឋអាមេរិក បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា អាមេរិកត្រៀមបើកការវាយប្រហារជុំថ្មី ដើម្បីបន្តដាក់បន្ទុកយ៉ាងធ្ងន់ធ្ងរ លើកងកម្លាំងអ៊ីរ៉ង់ និង ធ្វើឱ្យខូចសមត្ថភាពរបស់ពួកគេ មិនឲ្យបន្តវាយប្រហារជនស៊ីវិលស្លូតត្រង់ និង ការដឹកជញ្ជូនពាណិជ្ជកម្ម នៅក្នុងច្រកសមុទ្រ Hormuz។

ការត្រៀមខ្លួនជាថ្មីនេះ ក្រោយពេលដែលកងកម្លាំងសហរដ្ឋអាមេរិកបានវាយប្រហារអ៊ីរ៉ង់ បីថ្ងៃជាប់ៗគ្នា កាលពីសប្តាហ៍មុន ដោយយកហេតុផលថា ជាការសងសឹកចំពោះការកំណត់គោលដៅរបស់អ៊ីរ៉ង់ លើនាវាពាណិជ្ជកម្ម ដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រ Hormuz ជាផ្លូវដឹកជញ្ជូនដ៏សំខាន់ របស់ពិភពលោក៕

ប្រភព ៖ The Hill ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner