ទូទាំងប្រទេស កសិករដាំបន្លែសុវត្ថិភាពមានជិត ៦ម៉ឺនគ្រួសារ លើផ្ទៃដីជិត ២ម៉ឺនហិកតា
គិតមកដល់បច្ចុប្បន្ន កសិករដាំបន្លែសុវត្ថិភាពសម្រាប់លក់នៅទូទាំងប្រទេសមានសរុប ៥៧ ៥៥២គ្រួសារ ដោយមានផ្ទៃដីដាំដុះសរុបជាង ១ម៉ឺន ៩ពាន់ហិកតា។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
យោងតាមរបាយការណ៍ពីមន្ត្រីកសិកម្មឃុំទូទាំងប្រទេស ឯកឧត្តមបានឱ្យដឹងថា ក្នុងចំណោមកសិករដាំបន្លែទាំងនេះ មានផ្ទះសំណាញ់ និងផ្ទះដាំបន្លែសរុប ៥ម៉ឺណ ៨ពាន់ខ្នង។ ជាមួយគ្នានេះ មានកសិករជាង ១ម៉ឺន៨ពាន់គ្រួសារ ស្មើនឹង ៣២ភាគរយ បានទទួលការគាំទ្របច្ចេកទេសពីមន្ត្រីកសិកម្មឃុំ លើការផលិតបន្លែសុវត្ថិភាពតាមបច្ចេកទេស ប៣ មានន័យថា បង្កើនធម្មជាតិ បន្ថយគីមី និងបង្កើនផល។ ក្នុងចំណោមនោះ មាន ជិត៥ ០០០ គ្រួសារ កំពុងអនុវត្តបច្ចេកទេស ប៣ ជាក់ស្តែង។
ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមថា សម្រាប់ឆ្នាំ២០២៦ ក្រសួងកសិកម្មមានគោលដៅផ្សព្វផ្សាយបច្ចេកទេស ប៣ ដល់កសិករដាំបន្លែ ១០០ភាគរយ នៅទូទាំងប្រទេស ដើម្បីលើកកម្ពស់គុណភាព និងសុវត្ថិភាពនៃផលិតកម្មបន្លែ។
ទន្ទឹមនឹងនេះ ឯកឧត្តមបានគូសបញ្ជាក់ថា បន្លែសុវត្ថិភាពមិនមែនគ្រាន់តែជាផលិតផលកសិកម្មប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើសុខភាពប្រជាពលរដ្ឋ ការពារបរិស្ថាន និងបង្កើនប្រាក់ចំណូលរបស់កសិករខ្មែរ។ ការជំរុញការដាំដុះបន្លែសុវត្ថិភាពតាមរយៈមន្ត្រីកសិកម្មឃុំ ក៏ជាបេសកកម្មដ៏សំខាន់មួយ ដើម្បីលើកកម្ពស់សុខុមាលភាពសង្គមផងដែរ។
អ្នកនាំពាក្យក្រសួងកសិកម្មបានឱ្យដឹងនាពេលថ្មីៗនេះថា បច្ចុប្បន្ន កម្ពុជាមានសមត្ថភាពផលិតបន្លែផ្គត់ផ្គង់ទីផ្សារក្នុងស្រុកបានប្រមាណ ៨០ភាគរយ។ ក្រសួងរំពឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ កម្ពុជានឹងអាចផលិតបន្លែគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការក្នុងស្រុកទាំងស្រុង ដោយមិនចាំបាច់ពឹងផ្អែកលើការនាំចូលពីប្រទេសជិតខាងទៀតឡើយ៕
ម៉ាដេប៉ូ



